We TV Cambodia

ម្រេចកំពតធ្លាប់តែនាំចេញទៅក្រៅប្រទេស និងលក់បានតម្លៃថ្លៃ តែពេលនេះបែរជាត្រូវបង្ខំចិត្តហាលស្ដុកទុកទៅវិញ

ម្រេចកំពតធ្លាប់តែនាំចេញទៅក្រៅប្រទេស និងលក់បានតម្លៃថ្លៃ តែពេលនេះបែរជាត្រូវបង្ខំចិត្តហាលស្ដុកទុកទៅវិញ
ចំការម្រេចក្នុងខេត្តកំពត (ប្រភព៖ Google)

ម្រេចកំពតកំពុងតែជួបនូវបញ្ហាធ្ងន់ ដោយមិនអាចនាំចេញទៅក្រៅប្រទេសបាន ព្រោះតែការរីករាលដាលនៃជំងឺ COVID-19 ដែលតម្រូវឲ្យម្ចាស់ចំការម្រេចទាំងអស់ត្រូវបង្ខំចិត្តហាលម្រេចស្ដុកទុក និងរង់ចាំការថមថយទៅវិញនៃជំងឺ COVID-19 នេះ។

យោងតាមលោក ងួន ឡាយ ប្រធានសមាគម​ម្រេច​កំពត​ បាន្យដឹងថា ចាប់តាំងពីមានការផ្ទុះជំងឺ COVID-19 មក ម្រេចកំពតមិនអាចលក់ចេញបាននោះទេ ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។ បើគិតកាលពីឆ្នាំ២០១៩ យើងអាចលក់បានរហូតដល់ទៅ ៧៨តោនឯណោះ។ សម្រាប់ទីផ្សារក្នុងស្រុកគឺអ្នកទិញភាគច្រើនជា ភ្ញៀវទេសចរ​ និងភោជនីយដ្ឋាន​ធំៗ​ ប៉ុន្តែឥឡូវគឺស្ងាត់សូន្យតែម្ដង។

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត (ប្រភព៖ Google )

លោក ងួន ឡាយ បានបន្តទៀតថា តាមការ​ប៉ាន់ស្មាន គិតមកទល់ពេលនេះ ម្រេចកំពតដែលនៅសល់លក់មិនដាច់មានចំនួនប្រមាណជិត ១០០តោន ខណៈកាលពីឆ្នាំមុន ម្រេចកំពតទទួលបានទិន្នផលជាង ១២០តោន។ ចំពោះមូលហេតុដែលធ្វើឲ្យម្រេចមិនអាចលក់ចេញបានគឺ ប្រទេសដែលធ្លាប់តែជាទីផ្សារនាំចេញម្រេចបាននឹងកំពុងបន្តជួបនូវបញ្ហាដោយសារ COVID-19 ដែលធ្វើឲ្យគ្មានតម្រូវការម្រេច ជាពិសេសគឺការរឹតត្បឹតការធ្វើដំណើរនៅប្រទេសមួយចំនួនផងដែរ។ មិនតែប៉ុណ្ណោះ បើជំងឺនេះនៅតែអូសបន្លាយយូរទៀត ម្ចាស់ចម្ការ​ភាគច្រើនអាច​នឹងត្រូវក្ស័យធន ​លែងមាន​ទុនមកធ្វើចម្ការ​ម្រេចបន្ត​ទៅទៀត​ហើយ។

លោកក៏បានបញ្ជាក់ទៀតថា តម្លៃម្រេច​កំពតគឺមានតម្លៃ​ ១៥ដុល្លារក្នុងមួយគីឡូក្រាម សម្រាប់​ប្រភេទ​ម្រេចខ្មៅ, ២៥ដុល្លារ សម្រាប់ម្រេច​ក្រហម​ និង ២៨​ដុល្លារក្នុងមួយគីឡូ​ សម្រាប់​ម្រេច​ស។ សម្រាប់ទីផ្សារនាំចេញម្រេចកំពតកាលពីពេលកន្លងមក គឺភាគច្រើនជាប្រទេសស្ថិតក្នុងតំបន់អឺរ៉ុប និងអាមេរិក។

ម្រេចក្នុងខេត្តកំពត (ប្រភព៖ Google)

ទោះបីជាយ៉ាងនេះក្ដី ក៏ទីផ្សារម្រេច​នៅខេត្តត្បូងឃ្មុំ និងកំពង់ចាម នៅតែមានការទិញលក់ធម្មតា ដោយមានតម្លៃចន្លោះពី ៦,៦០០រៀល ទៅ ៦,៩០០រៀលក្នុងមួយគីឡូក្រាម ខណៈដែលកាលពីឆ្នាំ២០១៩ ម្រេចមួយគីឡូអាចលក់បានក្នុងតម្លៃជាង ៨,០០០រៀលឯណោះ។ នេះបើយោងតាមការបញ្ជាក់ដោយលោក ប៊ុន សុវណ្ណរិទ្ធ​ ដែលជាឈ្មួញ​ទិញម្រេច​នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

គូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេល ៣ខែ ២៨ថ្ងៃ ក្នុងឆ្នាំ២០២០នេះ ម្រេចចំនួនជាង ២,០០០តោន បាននាំចេញទៅកាន់បណ្ដាប្រទេសជាច្រើន ពិសេសប្រទេសក្នុងតំបន់អឺរ៉ុប។ នេះបើយោង​តាមរបាយការណ៍​របស់ក្រសួងកសិកម្ម។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *