
ដោយៈ ទិន សុខាវុធ
ម៉ូតូប្រើអាគុយដំបូងគេម៉ាក Voltra របស់ក្រុមហ៊ុន Voltra Motors ត្រូវបានសម្ពោធដាក់លក់នៅលើទីផ្សារកម្ពុជា កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ គឺរយៈពេលមួយឆ្នាំ បន្ទាប់ពីក្រុមហ៊ុននេះបានចុះបញ្ជីជាមួយនឹងក្រសួងពាណិជ្ជកម្ម។
លក្ខណៈបច្ចេកទេសរបស់យានជំនិះនៃបច្ចេកវិទ្យាចុងក្រោយនេះរួមមាន កំលាំងម៉ាស៊ីន 500W Brushless DC motor, ប្រភេទអាគុយអាចដោះចេញបានម៉ាក 48V12AH Li-Ion ដែលអាចត្រូវបញ្ចូលភ្លើងពេញក្នុងរយៈពេលតែ ៤ ម៉ោង, ហ្វ្រាំងមុខក្រោយ, ល្បឿនអតិបរមា ៣៨គម/ម៉, ជាមួយអាគុយភ្លើងពេញ វាអាចរត់បានចំងាយ ៥០ គម។ ម៉ូតូនេះត្រូវដាក់លក់ក្នុងតំលៃ $800 ដុល្លារ។
លើសពីនេះទៀត ក្រុមហ៊ុន Voltra Mortors ក៏បានផ្តល់ជូនអតិថិជនផងដែរនូវការធារ៉ាប់រងការខូចខាតគ្រឿងម៉ាស៊ីនមូយចំនួនមានដូចជា សំរាប់ម៉ូឌែល OFF-ROAD គឺមានការធានារយះពេល ១ ឆ្នាំពេញសំរាប់ទោចក្រយានយន្តទាំងមួល ព្រមទាំងធានាទៅលើថ្មលីចូម – អ៊ីយ៉ុងនិងសមាសភាគរបស់វា។
សម្រាប់ម៉ូទ័រ គឺមានការធានារយះពេលពីរឆ្នាំ។ ការធានានេះមិនរូមបញ្ចូលការបែកបាក់ផ្នែកណាមួយ ដោយអ្នកប្រើប្រាស់នឹងការថែរទាំមិនត្រឹមត្រូវ។ ម្ចាស់ម៉ូតូប្រើអាគុយរបស់ក្រុមហ៊ុន VOLTRA អាចយកម៉ូតូរបស់ពួកគេទៅកាន់ស្ថានីយ៍បំរើសេវាកម្មជុសជុលណា ដែលបានចុះបញ្ជីជាមួយក្រុមហ៊ុននៅក្នុងតំបន់របស់ពួកគេ សម្រាប់ការជួសជុលនិងសេវាត្រួតពិនិត្យ។
ក្រុមហ៊ុន Voltra Motors ត្រូវបានបង្កើតឡើងដោយលោកវិស្វករជនជាតិបារាំង Yann Vaudin ដែលបានមកធ្វើការនិងស្នាក់នៅកម្ពុជា អស់រយៈពេល ៦ ឆ្នាំមកហើយ។

យោងតាមលោកវិស្វកររូបនេះ ជាការចាប់ផ្តើម ក្រុមហ៊ុនរបស់លោកនឹងនាំចូលគ្រឿងគ្រៅនិងគ្រឿងម៉ាស៊ីនទាំងឡាយនៃម៉ូតូនេះ ពីក្រៅប្រទេស យកមកដំលើងនៅកម្ពុជា នៅក្នុងរោងចក្រមួយនៅក្បែអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ហើយបើអ្វីៗប្រព្រឹត្តទៅដោយរលូន ក្រុមហ៊ុនរបស់លោកនឹងបង្កើតរោងចក្រផលិតគ្រឿងគ្រៅទាំងនោះនៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់តែម្តង៕

