We TV Cambodia

ម៉ាសប្បាយ៖ កំពង់សោម ភ្ញៀវទេសចរណ៍ទៅលេង អាចក្រាលកន្ទេល តង់ លែងគិតលុយហើយ

ម៉ាសប្បាយ៖ កំពង់សោម ភ្ញៀវទេសចរណ៍ទៅលេង អាចក្រាលកន្ទេល តង់ លែងគិតលុយហើយ

កំពង់សោម៖ ថ្មីៗនេះ រដ្ឋបាលខេត្ដព្រះសីហនុ ដឹកនាំដោយឯកឧត្ដម គួច ចំរើន បានថ្លែងប្រកាសជាផ្លូវការប្រាប់ទៅសាធារណៈជនថា ប្រជាពលរដ្ឋ ដែលមកកំសាន្ដតាមឆ្នេរសមុទ្រ ចង់ក្រាលកន្ទេល ក្រាលតង់ អង្គុយលេងបានដោយសេរី មិនគិតសេវាឡើយ តែត្រូវ ទុកដាក់ វេចខ្ចប់សំរាមអោយបានស្អាត។

ការប្រកាសនេះត្រូវបានធ្វើឡើង នៅក្នុងពិធី ដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងព្រះសីហនុ នាថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០នេះ។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណះ ហើយបងប្អូនដែលមកលេកំសាន្ដ អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាឡើយ ហើយមិនអនុញ្ញាត អោយមានការវាតទីធ្វើជាកម្មសិទ្ធរបស់បុគ្គលណាមួយឡើយ តែអាចដាក់ជាកន្ទេល សម្រាប់អោយបងប្អូនមកពីឆ្ងាយអាចជួលអង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២,០០០ ឬ ៣,០០០រៀល ជាដើម ក៏ជាការចូលរួមអោយអ្នកមកលេង ទុកដាក់សំរាម នៅមួយកន្លែង និងវេចខ្ចប់ សម្អាតបានល្អ ។

កំពង់សោម មួយរយៈពេលចុងក្រោយ​នេះដូចជា ប្រែប្រួល ផ្លាស់ប្ដូរមុខមាត់ច្រើនណាស់ ខណៈដែល ទីតាំងទេសចរណ៍ មាត់សមុទ្រមួយនេះ ធ្លាប់តែមាន​ការ រិះគន់ខ្លាំងលើ ភ្ញៀវទេសចរណ៍ចិន។ ប៉ុន្ដែក្រោយពេលដែល រាជរដ្ឋាភិបាលកម្ពុជា​បានចេញសេចក្ដីប្រកាស​ បិទល្បែងអនឡាញ ជាច្រើនមក អត្រាភ្ញៀវចិន ក៏បានថយចុះ។

របាយការណ៍ចុងក្រោយអំពីភ្ញៀវ ទេសចរណ៍កាលពីក្នុងឱកាស ពិធីបុណ្យចូលឆ្នាំចិន កន្លងទៅ បានបញ្ចាក់ថា មានភ្ញៀវជាច្រើន បានទៅលេងនៅឆ្នេរសមុទ្រ ដែលភាគច្រើនជាភ្ញៀវជាតិ ចំណែកភ្ញៀវអនន្ដរជាតិ(ចិន)​មានការថយចុះច្រើនណាស់។

អត្ថបទដោយ៖ អឿ​ អ៊ុយ

ប្រភព៖ ក្នុងស្រុក

Related Articles