We TV Cambodia

មេរៀនមួយចំនួន ដែលសាលារៀនមិនបានបង្រៀនក្មេងៗ

មេរៀនមួយចំនួន ដែលសាលារៀនមិនបានបង្រៀនក្មេងៗ
រូបភាព៖ QUARTS

ដោយ៖ស្រីពេជ្រ

សាលារៀន គឺជាកន្លែងអប់រំនូវចំណេះដឹង និងបណ្ដុះបណ្ដាលសីលធម៌ សុជីវធម៌​ ដែលញាំងឱ្យសិស្សទទួលបានការរស់នៅប្រកបដោយជោគជ័យក្នុងជីវិត។ ក្នុងនោះដែរ សាលារៀននៅជុំវិញពិភពលោក មិនបានបង្រៀនកុមារនូវមេរៀនដែលចាំបាច់សម្រាប់ការរស់នៅទេ។ ពោល ការអប់រំប្រភេទនេះ គួរតែរួមបញ្ចូលការរៀនជំនាញបំណិនជីវិត ដែលបុគ្គលម្នាក់នឹងអនុវត្តពេញមួយជីវិតដើម្បីស្វែងរកទំនាក់ទំនង និងអាជីព។ ការសិក្សាបច្ចុប្បន្នមិនត្រូវបានបង្រៀនទិដ្ឋភាពជាច្រើនដែលចាំបាច់ដើម្បីទទួលបានជោគជ័យ និងលូតលាស់ក្នុងជីវិត ដូចជាការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ,ការវិនិយោគ, សមត្ថភាពដោះស្រាយបញ្ហា និងបំណិនជីវិតសំខាន់ៗជាច្រើនទៀតផងដែរ។

ខាងក្រោមនេះគឺជាមេរៀនដែលកុមារមិនបានរៀននៅក្នុងសាលារៀន៖

១)ការប្រឈមមុខនឹងភាពភ័យខ្លាច

កុមារជាវ័យដែលប្រឈមនឹងការភ័យខ្លាចជាច្រើនដូចជា ភាពងងឹត សម្លេងខ្លាំងៗ ការទៅជួបគ្រូពេទ្យឬសូម្បីតែទៅសាលារៀន។ នេះគឺជាអ្វីដែលមិនត្រូវបានគេកត់សម្គាល់ចំពោះកុមារនៅពេលពួកគេចូលសាលារៀន ពីព្រោះពួកគេត្រូវបានជំរុញឱ្យផ្តោតទៅលើកម្មវិធីសិក្សារបស់ពួកគេតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើកុមារមិនត្រូវបានលើកទឹកចិត្តឱ្យនិយាយអំពីកង្វល់ និងការភ័យខ្លាច នោះពួកគេនៅតែមិនអាចប្រឈមមុខនឹងជីវិតរបស់ពួកគេពេញមួយជីវិតបាន។

២)ការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់

វាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍផ្នត់គំនិតរបស់កុមារតាំងពីតូច ព្រោះកុមារប្រៀបដូចជាក្រដាសសដូច្នេះដែរ បើអ្នកចង្អុលបង្ហាញរឿងល្អៗ គេនឹងទទួលបានផ្នត់គំនិតល្អៗទាំងនោះហើយ ប៉ុន្ដែភាគច្រើន នៅតាមសាលារៀនមិនសូវបង្រៀនកុមារពីរបៀបទាំងនេះទេ។ មែនទែនទៅ សាលារៀនគួរតែជួយកុមារឱ្យយល់ពីអ្វីដែលខួរក្បាលរបស់ពួកគេមានសមត្ថភាព និងអ្វីដែលពួកគេអាចធ្វើបាន។

៣)សក្តានុពលនិងអតិបរមា

ការទទួលខុសត្រូវរបស់គ្រូបង្រៀនគឺដើម្បីជួយកុមារឱ្យលាតត្រដាង និងផ្លាស់ប្តូរទៅជាមនុស្សម្នាក់ដែលអាចរីកចម្រើន និងបង្ហាញថាពួកគេមានសមត្ថភាពយ៉ាងណាទៅកាន់ពិភពខាងក្រៅ។ សាលារៀនអាចផ្តល់ឱ្យកុមារនូវកន្លែងដែលមានសុវត្ថិភាពដើម្បីបើកចំហរ រីកលូតលាស់ និងមានអារម្មណ៍ថាមានសុវត្ថិភាពផ្នែករាងកាយ និងផ្លូវចិត្ត។

៤)ការស្វែងរកចំណង់ចំណូលចិត្ត

គោលបំណងពិតប្រាកដនៃការអប់រំនៅសាលាសម្រាប់កុមារ គឺរៀនស្វែងរកចំណង់ចំណូលចិត្តរបស់ពួកគេ។ ប៉ុន្តែប្រព័ន្ធសាលារៀនដែលមានស្រាប់ជំរុញឱ្យកុមាររៀនមុខវិជ្ជាជាច្រើន ដោយមិនដឹងថា តើពួកគេមានចំណាប់អារម្មណ៍លើមុខវិជ្ជាទាំងនេះឬអត់នោះទេ។ដូច្នេះ សាលារៀនគួរតែផ្ដោតលើការអប់រំឱ្យចំគោលដៅ ចៀសជាងការសម្រុកតែបង្រៀននូវមុខវិជ្ជាច្រើនហួសហេតុ ដែលជាហេតុនាំឱ្យក្មេងខាតពេលវេលា និងបាត់ឱកាសរកក្ដីស្រមៃខ្លួន៕

Related Articles