We TV Cambodia

មូលហេតុនាំឱ្យមានបុណ្យអុំទូក?

មូលហេតុនាំឱ្យមានបុណ្យអុំទូក?

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមការលើកឡើងក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ បានឱ្យដឹងថា ចំពោះ​រឿងរ៉ាវ​នាំឱ្យ​កើត​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ  គឺកើតមានខណៈដែល​ប្រទេស​ខ្មែរ​កំពុង​បែកបាក់​ជា ៣ ភាគី​ធំៗ​នោះ ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើកទ័ព​មក​លុកលុយ និង ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត​៤​ឆ្នាំ ។ គ្រានោះ​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ បាន​បង្រួបបង្រួម​ជាតិ និង រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ប្រយុទ្ធប្រឆាំង​កងទ័ព​ចាម​ទាំងនោះ រហូត​បង្ក្រាប និង បណ្តេញ​ពួក​ចាម​ទាំងនោះ​ចេញពី​នគរ​ខ្មែរ​បាន​ដោយ​ជោគជ័យ ។ រឿង​ចំបាំង​គ្រានោះ​មាន​ឆ្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​បា​យ័ន្ត និង ប្រាសាទបន្ទាយឆ្មារ នៅ​ដល់​សព្វថ្ងៃ ។

ដោយឡែក ​រឿង​មួយទៀត​គឺ ពញា​តាត ជា​ស្តេចត្រាញ់ នៅ​ស្រុក​បាសាក់ កម្ពុជា​ក្រោម មាន​សិទ្ធិ​លើ​មន្ត្រី​៤​ទិស បានរៀបចំ​ការពារ ស្រុក​ដោយមាន​កងទ័ព​ជា ៣ ផែន ។ ស្តេចត្រាញ់ រូបនោះ បាន​បង្គាប់​ឱ្យ​មន្ត្រី​ទាំង​៤​ទិស កេណ្ឌ​ទាហានជើងទឹក និង ជើងគោក ទៅ​ជួបជុំគ្នា ធ្វើ​សមយុទ្ធ រយៈពេល​មួយថ្ងៃ​មួយ​យប់ នៅ​ថ្ងៃ​ពេញ​បូរ​មី ខែ ក​ក្តិ​ក រៀងរាល់ឆ្នាំ ។ ចំណែក​ទាហានជើងទឹក ត្រូវ​ប្រឡង​ឫទ្ធិ​គ្នា​នៅឯ​ទន្លេ​ពាម​កន្ថោរ​ក្នុង​ខេត្ត​ឃ្លាំង​កម្ពុជា​ក្រោម​នោះ ។​​ហេតុការណ៍​ទាំង ២ នេះ គឺជា​ប្ញ​សគល់​សំខាន់​នាំឱ្យ​មានការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ។

​ មូលហេតុ​ផ្សេងទៀត​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក ក៏ត្រូវ​បានធ្វើ​ឡើង ដើម្បី ដឹងគុណ​ដល់​ព្រះ​គង្គា​និង​ព្រះធរណី​ផងដែរ ។ ក្នុងន័យនេះ ព្រះរាជ​ពិធីបុណ្យ​អុំទូក​រំឭក​មនុស្ស​ឱ្យ​ចេះ​ថែរក្សា​ការពារ​គុណភាព​ទឹក និង ដី ឱ្យបាន​ល្អ ពោលគឺ​ឱ្យ​ថែ​បរិស្ថាន ។​

ពិធីបុណ្យ​អុំទូក ក៏មាន​អមដោយ​ពិធី​បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង អកអំបុក ដែរ ដែលមាន​ជាប់ទាក់ទង​នឹង​ព្រះពុទ្ធសាសនា គឺ​ដើម្បី​គោរពបូជា​ចំពោះ​ព្រះ​ចង្កូម​កែវ​របស់​ព្រះសម្មាសម្ពុទ្ធ​នៅ​ឋាន​ភុជង្គនាគ​ផង និង ដើម្បី រំឭក​ដល់​ទន្សាយ​ព្រះ​ពោធិសត្វ​ផង ៕

 

 

Related Articles