
ដោយ៖ ហួ ឆេងស៊ីម
ប្រភព៖ https://www.propertyarea.asia
ភ្នំពេញ៖ បើយោងតាមក្រសួងទេសចរបានបង្ហាញរបាយការណ៍ក្នុងរយៈពេល៧ខែនាដើមឆ្នាំ២០១៩នេះ ឱ្យដឹងថា តំបន់រម្មណីយដ្ឋានសៀមរាប-អង្គរ បានថយចុះភ្ញៀវទេសចរប្រមាណ ៩.៧% បើធៀបទៅនឹងរយៈពេលដូចកាលពីឆ្នាំ២០១៨។ បញ្ហានេះបានជំរុញឲ្យរដ្ឋាភិបាលបាននិងកំពុងស្តារឡើងវិញដោយមានការរៀបចំទីក្រុងថ្មី និងផែនការថ្មីៗជាច្រើនផ្សេងទៀតដើម្បីទាក់ទាញភ្ញៀវទេសចរមកវិញ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានពន្យល់កាលពីកន្លងទៅនេះថា ការធ្លាក់ភ្ញៀវទេសចរនៅតំបន់សៀមរាប-អង្គរដោយសារក្រុមហ៊ុនដែលលក់កញ្ចប់ Zero Cost Tour ព្រោះថាបណ្ដាក្រុមហ៊ុនទាំងនោះយកភ្ញៀវមកក្នុងតម្លៃទាប ឬមិនចំណេញតែម្ដង តែពួកគេរកស៊ីនៅតាមហាងវត្ថុអនុស្សាវរីយ៍ អាហារដ្ឋាន ឬសណ្ឋាគារជាដើមដែលលក់ក្នុងតម្លៃខ្ពស់។ ទន្ទឹមនឹងនេះក៏មានបញ្ហាមួយចំនួនទៀតដូចជា មានការឆបោកទៅលើជនបរទេស និងមានការឡើងថ្លៃទំនិញជាដើម៕
