We TV Cambodia

មូលហេតុដែលនាំឲ្យនៅសុខៗក៏មានអារម្មណ៍ធុញថប់ហើយតែងកើតឡើងលើអ្នក

មូលហេតុដែលនាំឲ្យនៅសុខៗក៏មានអារម្មណ៍ធុញថប់ហើយតែងកើតឡើងលើអ្នក

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ផ្លូវ​ចិត្ត​នឿយ​ហត់​ខ្លាំង​ដែរ​ទេ? ​មាន​ចំនុច​មួយ​ចំនួន ធ្វើ​ឲ្យ​យើង​មើល​រំលង​​ទាំង​ដែល​វា​មិន​នៅ​ឆ្ងាយ​ពី​យើង​សោះ​ឡើយ ដែល​បង្កើត​ឲ្យ​យើង​មាន​អារម្មណ៍​ធុញ​ធប់ ​មិន​ស្រណុក​ចិត្ត និង​ពិបាក​ក្រោក​ឈរ​ឡើង។ ​

១. ​គេង​បាន​តិច​ម៉ោង

​មនុស្ស​មួយ​ចំនួន​គិត​ថា ​គេង​ត្រឹម​៥​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​គឺ​គ្រប់​គ្រាន់​ហើយ រហូត​ដល់​ពួក​គេ​មិន​សូវ​ខ្វល់​ពី​​ពេលវេលា​ចូល​គេង​ទាល់​តែ​សោះ។ ​អំឡុង​ពេល​ដែល​​អ្នក​​ត្រូវ​សម្រាក ​គឺ​ជា​ពេល​វេលា​ដែល​អ្នក​ត្រូវ​ជួស​ជុល​រាង​កាយ​ឲ្យ​មាន​ថាម​ពល​គ្រប់​គ្រាន់​ដើម្បី​ត​តាំង​នៅ​ថ្ងៃ​បន្ទាប់។ ​ ​មូល​ហេតុ​នេះ ​ងាយ​នឹង​ធ្វើ​ឲ្យ​ឈឺ​បំ​ផុត ​ងាយ​ស្រ្តេស ​អារម្មណ៍​ហោះ​ហើរ ​មិន​ស្រស់​ស្រាយ អស់​កម្លាំងទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ​ពេ​ញ​មួយ​ថ្ងៃ​។

រូបភាពតំណាង

២. ​យក​ការ​ញ៉ាំ​​​ធ្វើ​ជា​ការ​បំបាត់​ស្រ្តេស

​នៅ​ពេល​ស្រ្តេស​ឬ​គិត​ច្រើន ​ជា​ញឹក​ញាប់​​យើង​​ច្រើន​រក​របស់​អ្វី​មក​ញ៉ាំ​លេង​ដើម្បី​ឲ្យ​អារម្មណ៍​ល្អ​ឡើង​វិញ។ ​មិន​ថា​បង្អែម ​នំ​ផ្អែម​ៗ ​ឬ​ភេសជ្ជៈ ទាំង​នេះ​វា​មិន​មាន​ប្រសិទ្ធិភាព​ដូច​អ្វី​ដែល​អ្នក​កំពុង​គិត​ឡើយ ជាពិសេសជៀសវាងការផឹកកាហ្វេ។ ​ខួរ​ក្បាល​របស់​អ្នក​​មិន​សូវ​មាន​ភាព​ច្បាស់​លាស់ ​ឬ​ ​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ទទួល​សារជាតិ​នោះ​ច្រើន​ពេក ​ដែល​វា​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​សុខភាព​រាង​កាយ​បាន។ ​

រូបភាពតំណាង

៣. គិត​ច្រើន​​លើ​រឿង​ដែល​មិន​ទាន់​កើត​ឡើង

ការ​គិត​​ច្រើន ឬ​បារម្ភ​ជ្រុល​ពេកនឹង​បង្កើត​ឲ្យ​ផ្លូវ​ចិត្ត​កាន់​តែ​ធ្លាក់​ដុន​ដាប និង​ជីវិត​កាន់​តែ​អួរ​អាប់​បំ​ផុត។ ​សម្រាប់​អ្នក​គិត​ច្រើន​រហូត​ស្ទើរ​តែ​មិន​អាច​រក​​ច្រក​ចេញ​បាន ឬ​ក៏​ព្រួយ​បារម្ភ​ជ្រុល​ពេក​អំ​ពី​នេះ​អំ​ពី​នោះ ​​គួរ​តែ​សាក​ល្បង​ព្យាយាម​សង្កត់​ចិត្ត​​ខ្លួន​ឯង​បន្តិច។

រូបភាពតំណាង

៤. ចូល​ចិត្ត​គិត​ពី​អ្នក​ដទៃ ​រហូត​ភ្លេច​គិត​ពី​ខ្លួន​ឯង

​តើ​អ្នក​កំពុង​ចង់​ឲ្យ​អ្នក​ដទៃ​យល់​ពី​អ្នក​ណាស់​មែន​ទេ? ជឿ​ថា ពេល​ខ្លះ​យើង​រវល់​តែ​ផ្តោត​ការ​គិត​ពី​អ្នក​ដទៃ​ពេក រហូត​ភ្លេច​គិត​ពី​ខ្លួន​ឯង។ ​នៅ​ពេល​ដែល​អ្នក​ខ្វល់​ពី​​អ្នក​ដទៃ​ពេក ​អ្វី​ដែល​អ្នក​កំពុង​គិត​វា​នឹង​ឈ្លោះ​គ្នា​ជាមួយ​អារម្មណ៍​របស់​ខ្លួន​ឯង រហូត​ដល់​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្មុគ​ស្មាញ ​ការ​យល់​ច្រលំ បង្កើត​ឲ្យ​មាន​ភាព​ផ្ទុយ​គ្នា មិន​អាច​បង្ហាញ​អារម្មណ៍​ច្បាស់​លាស់​ចេញ​មក។

រូបភាពតំណាង

៥. ​រស់​នៅ​ក្នុង​បរិយាកាស​មិន​ល្អ

បរិយាកាស​មិន​ល្អ​ត្រង់​នេះ ​ចង់​សំដៅ​ទៅ​លើ​មនុស្ស​ជុំ​វិញ​អ្នក ពោរ​ពេញ​ដោយ​មនុស្ស​មាន​គំនិត​អវិជ្ជមាន។ ​ជា​ការ​ពិត ​ការ​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​របៀប​នេះ​ ចៀស​មិន​ផុត​ពី​​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​ធ្លាក់​ជ្រោះ​នោះ​ទេ។ លើស​ពី​នេះ ​ពាក្យ​សម្តី​របស់​ពួក​គេ ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត ​នឿយ​ហត់ ​ខក​ចិត្ត គ្មាន​ពន្លឺ​ដូច​គេ​ឯង​ឡើយ។

ប្រែសម្រួល ៖ គឹមសួ

Related Articles