We TV Cambodia

មូលហេតុចម្បង ៣ ធ្វើឲ្យកសិកម្មនៅកម្ពុជាមិនអាចងើបមុខរួច

មូលហេតុចម្បង ៣ ធ្វើឲ្យកសិកម្មនៅកម្ពុជាមិនអាចងើបមុខរួច

ថ្វីត្បិតថាបច្ចុប្បន្នបច្ចេកវិទ្យាបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្ដី ប៉ុន្តែវិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញសេដ្ឋកិច្ចក្នុងប្រទេស និងពិភពលោកទាំងមូល។ តែបើក្រឡែកមើលកសិកម្មក្នុងប្រទេសមួយចំនួនហាក់មានភាពជឿនលឿនខ្លាំង ដូចជាការបង្កើតរបរកសិកម្មថ្មីៗ និងបច្ចេកទេសធ្វើកសិកម្មបែបថ្មីជាដើម។

ដោយឡែកកសិកម្មក្នុងប្រទេសកម្ពុជាយើងវិញហាក់នឹងទ្រឹងមួយកន្លែង ឬឈានទៅមុខយឺតជាងបណ្ដាប្រទេសផ្សេងទៀត រួមទាំងប្រទេសនៅក្បែរខាងផងដែរ។ ថ្ងៃនេះ WE TV Cambodia នឹងលើកយកបញ្ហាចម្បង ៣ ដែលកសិកម្មនៅកម្ពុជាមិនអាចងើបមុខរួច៖

១, វត្ថុធាតុដើម៖ បច្ចុប្បន្នកម្ពុជានៅខ្វះសមត្ថភាពក្នុងការផលិតវត្ថុធាតុដើមនៅឡើយដូចជា ការផលិតជី និងគ្រឿងបម្រើវិស័យកសិកម្មមួយចំនួនរួមមាន បំពង់ទុយោ និងឧបករណ៍ចំាំបាច់មួយចំនួនទៀតនៅមានភាពខ្វះខាត និងមានតម្លៃថ្លៃនៅឡើយ នាំឲ្យការធ្វើកសិកម្មត្រូវចំណាយដើមទុនច្រើន។

២, បច្ចេកទេស និងការស្រាវជ្រាវ៖ កសិករកម្ពុជានៅខ្វះបច្ចេកទេសក្នុងការធ្វើកសិកម្ម ដោយនៅតែបន្តធ្វើកសិកម្មតាមបែបបុរាណនៅឡើយ និងពឹងផ្អែកលើធម្មជាតិនៅឡើយ។ មួយវិញទៀត កសិកម្មកម្ពុជានៅខ្វះការស្រាវជ្រាវក្នុងការស្វែងរករបរថ្មីៗ ដោយនៅបន្តការចិញ្ចឹមមាន់ ទា គោ ក្របី និងធ្វើស្រែចំការធម្មតាៗ ខណៈបណ្ដាប្រទេសផ្សេងៗចាប់ផ្ដើមរបរកសិកម្មប្លែកៗដូចជា ចិញ្ចឹមរុយ, ចិញ្ចឹមបង្គារ, ចិញ្ចឹមចៀម និងចិញ្ចឹមឃ្មុំជាដើម ដែលសុទ្ធតែរបរថ្មីក្នុងប្រទេសកម្ពុជា និងទើបតែមានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

៣, ខ្វះការគាំទ្រ៖ បច្ចុប្បន្នដើម្បីឲ្យវិស័យកសិកម្មទៅមុខបានឆាប់រហ័ស គឺទាមទារឲ្យមានការនាំចេញ ដើម្បីពង្រីកទីផ្សារឲ្យកាន់តែទូលាយ ហើយចំណុចនេះត្រូវការការគាំទ្រពីរដ្ឋាភិបាលក្នុងការស្វែងរកទីផ្សារឲ្យកសិករ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏ត្រូវស្វែងរកបច្ចេកទេសថ្មីៗក្នុងការជួយជម្រុញសមត្ថភាពផលិត និងបណ្ដុះបណ្ដាលបន្តដល់កសិករដើម្បីឲ្យការដាំដុះទទួលបានទិន្នផលខ្ពស់ មានគុណភាព និងស្របតាមទីផ្សារនាំចេញទៅកាន់ប្រទេសដទៃទៀត។

អត្ថបទដោយ៖ Nevin

Related Articles