We TV Cambodia

មុខរបរផលិតពពុះសណ្តែក អាចផ្ដល់ចំណូលរហូតជាង ៨លានរៀលក្នុងមួយថ្ងៃ

មុខរបរផលិតពពុះសណ្តែក អាចផ្ដល់ចំណូលរហូតជាង ៨លានរៀលក្នុងមួយថ្ងៃ
ការផលិតពពុះសណ្ដែក (ប្រភព៖ info.gov)

មុខរបរផលិតពពុះសណ្ដែក ដែលជាមុខរបរមួយពុំសូវមានអ្នកចាប់អារម្មណ៍ ប៉ុន្តែបែរជាអាចផ្ដល់ចំណូលយ៉ាងច្រើនដល់អ្នកផលិតប្រមាណ ៨លានរៀលឯណោះក្នុងមួយថ្ងៃៗ។

ការផលិតពពុះសណ្ដែក (ប្រភព៖ info.gov)

លោក ផុន វ៉ាន់ថន រស់នៅឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងជាអ្នកប្រកបរបរនេះ បានឱ្យដឹងថា ក្នុងមួយថ្ងៃគ្រួសារលោកអាចផ្គត់ផ្គង់ពពុះសណ្តែកបានប្រមាណជាង ៥០០គីឡូក្រាមទៅកាន់ទីផ្សារ ដោយក្នុង ១គីឡូក្រាមអាចលក់បានតម្លៃចាប់ពី ១៧,០០០រៀល ដល់ ២០,០០០រៀល។ ដូច្នេះ បើគិតក្នុងមួយថ្ងៃ លោកអាចរកចំណូលបានជាមធ្យមប្រមាណ ៨លានរៀលក្នុងមួយថ្ងៃៗ។

ពពុះសណ្ដែក (ប្រភព៖ info.gov)

លោកបន្តថា ពពុះសណ្តែកនេះផលិតពីសណ្តែកសៀងដែលកសិករដាំក្នុងស្រុក ហើយដើម្បីបានពពុះសណ្តែកទៅលក់នៅលើទីផ្សារបាន ដំបូងត្រូវយកសណ្តែកសៀងទៅហាលថ្ងៃឱ្យស្ងួត រួចយកទៅត្រាំទឹកទុកយ៉ាងតិច ៤ម៉ោង ទើបយកទៅកិន។ បន្ទាប់មក នៅពេលដែលសណ្តែកសៀងកិនរួច ត្រូវដាក់ចូលនៅក្នុងខ្ទះដើម្បីរំងាស់ដងយកតែពពុះសណ្តែក រួចវៀសវាជាផ្ទាំងយកទៅហាលរយៈពេល ១ថ្ងៃទាល់តែស្ងួត ទើបអាចប្រមូលមកទុកយកទៅច្រក់វេចខ្ចប់ឱ្យបានត្រឹមត្រូវទើបអាចបោះលក់នៅលើទីផ្សារបាន។

ការផលិតពពុះសណ្ដែក (ប្រភព៖ info.gov)

លោកបានបន្ថែមថា ការផលិតពពុះសណ្តែកនេះ គឺទាមទារឱ្យអ្នកផលិតត្រូវគិតពីទីតាំងរោង ការរៀបចង្រ្កាន និងសម្អាតអនាម័យជាប្រចាំ ការរៀបចំទុកដាក់ ពិសេសការជ្រើសរើសវត្ថុធាតុដើមផលិតដោយគុណភាព។ មិនតែប៉ុណ្ណោះ លោកនឹងពង្រីកមុខរបរនេះបន្ថែមទៀត ព្រោះជាមុខរបរប្រពៃណីដែលបានបន្សល់ទុកពីដូនតាជួយឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការងារធ្វើមិនបាច់ធ្វើចំណាកស្រុក ពិសេសបានជួយទិញកសិផលសណ្តែកសៀង ដែលប្រជាកសិករក្នុងមូលដ្ឋានផលិតបាន។

សូមបញ្ជាក់ថា ពពុះសណ្តែកនេះត្រូវគេយកទៅចំអិនធ្វើជាម្ហូបបានជាច្រើនមុខដូចជា សម្លចាប់ឆាយ ឆារមីសួរ ខ្ចប់គួង ដាក់ក្នុងស៊ប និងធ្វើម្ហូបផ្សេងៗជាច្រើនទៀតតាមការច្នៃរៀងៗខ្លួន៕

អត្ថបទដោយ៖ Nevin

Related Articles