We TV Cambodia

មុខរបរដាំស្មៅ កំពុងតែជួយឲ្យសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងភូមិព្រែកតាមាក់មានភាពប្រសើរជាងមុន

មុខរបរដាំស្មៅ កំពុងតែជួយឲ្យសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងភូមិព្រែកតាមាក់មានភាពប្រសើរជាងមុន
ស្មៅលម្អសួនដែលកំពុងមានតម្រូវការ (ប្រភព៖ AKP)

មុខរបរដាំស្មៅកំពុងតែជួយឲ្យសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពរដ្ឋក្នុងភូមិព្រែកតាមាក់ មានភាពប្រសើរជាងមុន ដោយសារតែការកើនឡើងនូវវិស័យអចលនទ្រព្យ ដែលធ្វើឲ្យតម្រូវការស្មៅសម្រាប់ដាំលម្អមានការកើនឡើជាងមុន។

លោក ឆាយ សឺន មេឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នអ្នកភូមិស្វាយអាត់លើ ក្រោម និងកណ្តាលជាង ៤០០គ្រួសារ បានចាប់យកមុខរបរដាំស្មៅនេះ ហើយប្រភេទស្មៅ ដែលប្រចាពលរដ្ឋដាំគឺជាប្រភេទស្មៅជប៉ុន និងស្មៅម៉ាឡេ។ មួយវិញទៀត ដីដែលដាំស្មៅនេះ យកមកធ្វើស្រែវាមិនសូវបានផលនោះទេ ទើបអ្នកស្រុកទាំងបីភូមិខាងលើនាំគ្នាដាំស្មៅប្រភេទរៀបសួនតែម្តង ដែលបានធ្វើអោយជីវភាពរបស់អ្នកភូមិឃុំព្រែតាមាក់កាន់តែធូរធារជាងមុន។

ស្មៅលម្អសួនដែលកំពុងមានតម្រូវការ (ប្រភព៖ Google)

ចំណែកលោកស្រី ពឹង សុខជា ដែលរស់នៅភូមិស្វាយអាត់ក្រោម បានអោយដឹងដែរថា គាត់បានចាប់យកមុខរបរដាំស្មៅសម្រាប់រៀបសួនច្បារនេះរយៈពេលជាង ១០ឆ្នាំហើយ ហើយដំបូងឡើយលោកស្រី ដាំស្មៅត្រឹមតែ ៧០០ ទៅ ៨០០ម៉ែត្រការ៉េប៉ុណ្ណោះ បុន្តែមកដល់សព្វថ្ងៃនេះ គាត់បានដាំស្មៅកើនឡើងរហូតជាង ៨០០០ម៉ែត្រការ៉េហើយ ដោយសារតែតម្រូវការរបស់អតិថិជនកាន់តែច្រើនឡើងៗ។

ស្មៅលម្អសួនដែលកំពុងមានតម្រូវការ (ប្រភព៖ AKP)

លោកស្រីក៏បានបញ្ជាក់ទៀតថា កាលពីចាប់ផ្ដើមដាំដំបូងគឺពិបាក ព្រោះមិនទាន់មានម៉ូយខ្លួនឯង ពេលលក់ស្មៅយើងដើរហៅគេជួយទិញ ពេលណាគេទិញមិនអស់វាសល់ ប៉ុន្តែដល់ពេលមានម៉ូយដំបូងៗ ខ្ញុំដាំត្រឹម ៧០០ ទៅ៨០០ការ៉េប៉ុណ្ណោះ រហូតដល់ពេលកើតម៉ូយបានច្រើន ហើយម៉ូយចេះតែអោយលេខទូរសព្ទតគ្នាចឹងទៅ ខ្ញុំក៏ដាំដល់ ៤០០០ ទៅ ៥០០០ការ៉េ រហូតដល់ពេលនេះម៉ូយមានកាន់តែច្រើនឡើង ខ្ញុំក៏សម្រេចចិត្តដាំដល់ ៧០០០ទៅ ៨០០០ការ៉េទៅ ហើយចំពោះជីវភាពក៏រៀងធូរធាជាងមុនផងដែរ។

អត្ថបទដោយ៖ Nevin

 

Related Articles