
គណៈកម្មាធិការគោលនយោបាយស្រូវជាតិថៃ ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានអនុម័តគម្រោងធានាតម្លៃស្រូវសម្រាប់ឆ្នាំ ២០២០-២០២១ ដោយផ្តល់ជូននូវតម្លៃក្នុងអត្រាដូចគ្នានឹងរដូវមុន។

អ្នកនាំពាក្យរដ្ឋាភិបាលរងថៃ លោកស្រី Rachada Dhanadirek បាននិយាយថា ផែនការប្រចាំឆ្នាំ២០២០-២០២១ ដែលនឹងត្រូវអនុវត្តនៅចន្លោះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ថវិកាចំនួន ៨៥ប៊ីលានបាត (ប្រមាណ ២,៦ពាន់លានដុល្លារអាមេរិក)។

លោកស្រី Dhanadirek បានបន្ថែមថា ប្រសិនបើមានប្រាក់កម្ចីចំនួន ៣០,៣ពាន់លានបាតដែលត្រូវផ្តល់ឱ្យដោយធនាគារកសិកម្ម និងសហករណ៍កសិកម្មរបស់រដ្ឋ នោះគម្រោងនេះនឹងមានទឹកប្រាក់កើនដល់ ១១៥ពាន់លានបាត។

លោក Charoen Laothammatas ប្រធានសមាគមអ្នកនាំចេញអង្ករថៃបាននិយាយថា ទស្សនវិស័យនៃការនាំចេញអង្ករមើលទៅមិនសូវជាល្អនោះទេនៅក្នុងឆមាសទីពីរនេះ ក្នុងគ្រាដែលតម្រូវការសកលលោកមានការធ្លាក់ចុះដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩។ សមាគមនេះបានកំណត់ទិសដៅនាំចេញអង្ករពេញមួយឆ្នាំចំនួន ៧,៥លានតោន ប៉ុន្តែគេគ្រោងនឹងកែសម្រួលគោលដៅដែលបានកំណត់នេះនៅថ្ងៃទី ២២ ខែកក្កដា ខាងមុខ។
សូមជម្រាបថា ប្រទេសថៃបាននាំចេញអង្ករចំនួន ៧,៥៨លានតោន ដោយគិតជាទឹកប្រាក់មានចំនួន ១៣១ប៊ីលានបាតក្នុងឆ្នាំ២០១៩ ពោលគឺធ្លាក់ចុះ ៣២% គិតជាបរិមាណ និង ២៥% គិតជាតម្លៃ ចាប់ពីឆ្នាំ២០១៨ មក៕
អត្ថបទដោយ៖ Nevin
