
ស្ពានផ្លូវដែកក្នុងប្រទេសចិន ដែលវែងជាងលើពិភពលោកបានបញ្ចប់ការសាងសង់ជាស្ថាពរ ក្រោយចំណាយពេលសាងសង់អស់ ៦ឆ្នាំ និងទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ ដែលមានប្រវែង ១១គីឡូម៉ែត្រ។

ស្ពានផ្លូវដែកនេះ ឆ្លងកាត់ទន្លេ Yangtze ចន្លោះទីក្រុងណានតុង និងទីក្រុងសៀងហៃ ដែលនឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើររវាងទីក្រុងសៀងហៃ ទៅខេត្តជាំងស៊ូ ពី ៤ម៉ោងមកត្រឹម ៣ម៉ោងកន្លះប៉ុណ្ណោះ និងត្រឹមតែ ៣០នាទីប៉ុណ្ណោះពីទីក្រុងសៀងហៃ ទៅទីក្រុងណាតុង។ មិនតែប៉ុណ្ណោះ វាក៏នឹងជម្រុញការដឹកជញ្ជូន និងការធ្វើដំណើរក្នុងទីក្រុងទាំង២ ឲ្យកាន់តែមានភាពងាយស្រួលផងដែរ។

លោក Wang Feng នាយកចាត់ការទូទៅនៃក្រុមហ៊ុន China State Railway ដែលទទួលសាងសង់ស្ពាននេះ បានឲ្យដឹងថា ស្ពាននេះត្រូវបានស្ថាបនាឡើងជាមួយផ្លូវ ៦គន្លង និងខ្សែផ្លូវដែកចំនួន ៤នៅពីក្រោម ជាមួយនឹងបណ្តាញប្រតិបត្តិការក្នុងការដឹកជញ្ជូនអ្នកដំណើរ ៦ជើងក្នុងមួយថ្ងៃ ដែលនឹងអនុញ្ញាតឲ្យបើកបរក្នុងល្បឿន ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។

លើសពីនេះ វាត្រូវបានសាងសង់ឡើងដោយប្រើបច្ចេកវិទ្យាថ្មីៗជាច្រើន ជាមួយប្រព័ន្ធខ្សែកាបជាមួយដែលមានកម្លាំងខ្លាំងជាងគេបំផុតនៅលើពិភពលោក និងប្រព័ន្ធ Anti-Collision ដែលនឹងផ្តល់សញ្ញាដល់អាជ្ញាធរចរាចរណ៍ទន្លេក្នុងចម្ងាយ ៣គីឡូម៉ែត្រមុន ប្រសិនបើមានទូក ឬកប៉ាល់ណាមួយបម្រុងនឹងឆ្ពោះមកបុកសសរស្ពាន ដែលអាចបង្កើតគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

សូមបញ្ជាក់ថា ស្ពានផ្លូវដែកនេះ បានប្រើប្រាស់ដែកប្រមាណជិត ៥០ម៉ឺនតោន ជាមួយនឹងគ្រឹះដែលបុកចូលទៅក្នុងទឹកជម្រៅ ១១៥ម៉ែត្រ ហើយវាក៏ជាស្ពានផ្លូវដែកដែលវែងបំផុតក្នុងលោកផងដែរ។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក
