ភ្នំពេញ៖ បើទោះបីជានិន្នាការនៃការកក់បន្ទប់សណ្ឋាគារផ្ទះសំណាក់តាមប្រព័ន្ធឌីជីថលមានការកើនឡើងយ៉ាងណាក្តី ក៏ប៉ុន្តែប្រព័ន្ធឌីជីថលនេះមិនទាន់វាយលុក ឬ បង្កផលប៉ះពាល់ណាមួយដល់ឧស្សាហកម្មសណ្ឋាគារនៅកម្ពុជានៅឡើយទេ។នេះបើតាមការលើកឡើងរបស់ប្រធានសមាគមសណ្ឋាគារកម្ពុជា។
លោកស្រី ក្លេស ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជាបានថ្លែងថា គិតមកទល់ពេលនេះ បើទោះបីជាការ វិវត្តនៃបច្ចេកវិទ្យាឌីជីថលថ្មីៗកាន់តែមានការរីកលូតលាស់ឡើងៗ និងមានការពេញនិយមនៅកម្ពុជាយ៉ាងណាក៏ដោយ វាមិនទាន់ឃើញសញ្ញាណាមួយបង្កផលប៉ះពាល់ដល់ការបាត់បង់ភ្ញៀវកក់បន្ទប់ សណ្ឋាគារនឹងផ្ទះសំណាក់នោះទេ ដោយសារសណ្ឋាគារភាគច្រើន ក៏បានសម្របខ្លួនជាមួយនឹងបច្ចេកវិទ្យាឌីជីថលថ្មីនេះរួចរាល់ហើយដែរ។
លោកស្រីថា សណ្ឋាគារនិងផ្ទះសំណាក់ជាច្រើននៅក្នុងប្រទេសកម្ពុជាពុំសូវរងផលប៉ះពាល់ពីបច្ចេកវិទ្យាសម័យទំនើបខ្លាំងនោះទេ ក៏ព្រោះថាការកក់បន្ទប់របស់ភ្ញៀវទៅកាន់សណ្ឋាគារនិងផ្ទះសំណាក់ក្នុងប្រទេសកម្ពុជាភាគច្រើនគឺភ្ញៀវធ្វើការសាកសួរផ្ទាល់ៗនៅហ្នឹងកន្លែង។
ប្រធានសមាគមសណ្ឋាគារកម្ពុជារូបនេះ បានថ្លែងបន្តថា នាពេលបច្ចុប្បន្នសណ្ឋាគារនិងផ្ទះសំណាក់បានយល់ដឹងច្រើនពីការប្រើប្រាស់បច្ចេកវិទ្យា ដូចជា ការកក់បន្ទប់សណ្ឋាគារតាមប្រព័ន្ធអ៊ីនធឺណេត ការប្រើប្រាស់តាមបណ្តាញសង្គមនានា។
លោកស្រីចិន្តាមានប្រសាសន៍ថា៖«ការប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយមួយក្នុងការជួយ បម្រើវិស័យទេសចរណ៍មួយចំណែកផងដែរ ពីព្រោះថាសណ្ឋាគារផ្ទះសំណាក់ដែលបានប្រើប្រាស់បច្ចេកវិទ្យាក្នុងការកក់សណ្ឋាគារគឺជាកត្តាមួយផ្តល់ភាពងាយស្រួលជូនភ្ញៀវនិងអតិថិជន បើមិនមានបច្ចេកវិទ្យាគ្រប់គ្រាន់ភ្ញៀវអាចមិនពេញចិត្តបាន»។
លោកស្រីបន្ថែមទៀតថា៖«ការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការកក់បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់បានចូលរួមជួយមួយភាគផងដែរ ដើម្បីងាយស្រួលធ្វើប្រតិបត្តិការរវាង ភ្ញៀវ និងម្ចាស់សណ្ឋាគារផ្ទាល់»។
ទោះបីជា បច្ចេកវិទ្យាបានដើរតួយ៉ាងសំខាន់សម្រាប់បង្កភាពងាយស្រួល ក្នុងការផ្តល់សេវាកម្មក្តី ផ្ទុយទៅវិញផ្ទះសំណាក់ និងសណ្ឋាគារ ដែលមិនទាន់ដើរទាន់បច្ចេកវិទ្យាទំនើប ក៏មិនទាន់រងផលប៉ះពាល់ដល់អាជីវកម្មទាំងអស់នោះដែរ
លោកស្រី ចិន្តា បញ្ជាក់ថា ៖« បច្ចេកវិទ្យាមិនមែនជាកត្តាធំចំបងដែលធ្វើឲ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ត្រូវរងគ្រោះដោយសារមិនមានប្រព័ន្ធណាមួយសម្រាប់កក់សណ្ឋាគារ និងផ្ទះសំណាក់នោះទេ។ ក៏ប៉ុន្តែហានិភ័យរបស់ម្ចាស់អាជីវកម្មទាំងអស់នោះគឺដោយសារមិនមានភ្ញៀវទេសចរដែលមកស្នាក់នៅទៅវិញ។» លោកស្រីបន្តថា៖« តក្តាមួយទៀតដែលធ្វើឲ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ត្រូវប្រឈមហានិភ័យគឺម្ចាស់សណ្ឋាគារ ជាពិសេសផ្ទះសំណាក់ និង ភ្ញៀវស្នាក់នៅរយៈពេលខ្លីឬតែមួយយប់។»
បើតាមលោក ចាន់ គីមឡុង ម្ចាស់ផ្ទះសំណាក់ គីមឡុងមណ្ឌលគីរី និងជាម្ចាស់សណ្ឋាគារ ផ្កាយពេជ្រ ស្ថិតនៅក្នុងខេត្តមណ្ឌលគីរីបានលើកឡើងថា ការប្រើប្រាស់បច្ចេកវិទ្យាមានភាពងាយស្រួល តែក៏បច្ចេកវិទ្យាមិនប៉ះពាល់មកលើប្រភេទអាជីវកម្មនេះ ដោយសារវាមិនអាស្រ័យទៅលើការប្រើប្រាស់បច្ចេកវិទ្យា នោះទេ ប៉ុន្តែការផ្តល់សេវាកម្មល្អនិង មានបរិស្ថានល្អនិងមានផាសុកភាពដែលធ្វើឲ្យភ្ញៀវពេញចិត្តនឹងទុកចិត្តជារឿងល្អ។»
លោក គីមឡុងមានប្រសាសន៍ថា៖ អាជីវកម្មមួយនេះប្រហែលមានការប្រឈមជាច្រើន នូវពេលគ្មានភ្ញៀវមកលេងនឹងមិនមានការផ្សព្វផ្សាយឲ្យបានគ្រប់ជ្រុងជ្រោយ។» លោកបន្តថា៖ ខ្ញុំមិនអាចនិយាយថាយើងមិនចាំបាច់ប្រើបច្ចេកវិទ្យានោះទេគឺយើងត្រូវការបច្ចេកវិទ្យាដែលមានការវិវត្តន៍យ៉ាងលឿនដើម្បីធ្វើឲ្យយើងដើរទាន់សម័យកាលទំនើបមួយនេះ។»
លោក អ៊ុំ កុសល ម្ចាស់ផ្ទះសំណាក់ស៊ីង ហ៊ង់ បាននិយាយថា សព្វថ្ងៃផ្ទះសំណាក់របស់លោកបានប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រាន់ ដែលងាយស្រួលក្នុងការផ្តល់សេវាកម្មជូនអតិថិជន។ លោកបានលើកឡើងថា៖«ភាគច្រើនភ្ញៀវមិនសូវកក់បន្ទប់ផ្ទះសំណាក់តាមប្រព័ន្ធអ៊ីនធឺណេតទេគឺពួកគាត់ធ្វើដំណើរមកសាកសួរផ្ទាល់ៗតែម្តងដោយសារពួកគាត់គិតថា ការមកកក់ផ្ទះសំណាក់ផ្ទាល់អាចអោយពួកគាត់អាចជ្រើសរើសបន្ទប់ដែលពួកគាត់ពេញចិត្ត៕
