We TV Cambodia

មិនគួរឲ្យជឿ!! ឈើដ៏ធំមួយក្នុងខេត្តស្ទឹងត្រែង បានក្លាយទៅជាថ្ម និងវិវត្តន៍ទៅជាដែក

មិនគួរឲ្យជឿ!! ឈើដ៏ធំមួយក្នុងខេត្តស្ទឹងត្រែង បានក្លាយទៅជាថ្ម និងវិវត្តន៍ទៅជាដែក

ឈើដ៏ធំមួយដែលកប់នៅក្នុងដីមានអាយុកាលរាប់ពាន់ឆ្នាំបានក្លាយទៅជាថ្ម និងវិវត្តន៍ទៅជាដែក ត្រូវបានប្រជាពលរដ្ឋជនជាតិព្រៅនៅភូមិកាតូត ស្រុកសេសាន ខេត្តស្ទឹងត្រែង រកឃើញ និងបានអភិរក្សទុកជាសម្បត្តិវប្បធម៌សម្រាប់បម្រើឱ្យវិស័យទេសចរណ៍បែបសាសនា ។

លោក ទាង ប៊ុនណាត តំណាងជនជាតិនៅភូមិកាតូត បានប្រាប់ឲ្យដឹងថា តាមការពិនិត្យមើលជាក់ស្តែង ឈើក្លាយជាថ្មនេះជាសម្បត្តិធនធានក្នុងដី ហើយមានតម្លៃទៅលើវិស័យទេសចរណ៍ប្រសិនបើអាជ្ញាធរយកមករក្សានៅនឹងកន្លែងដើមវិញ។ មិនតែប៉ុណ្ណោះ កន្លែងដែលទើបរកឃើញថ្មឈើនេះ អាជ្ញាធរភូមិមានគម្រោងរៀបចំបង្កើតជាវត្តគីរីរាមកាតូត ដើម្បីការពារសម្បត្តិធម្មជាតិផង តែប្រជាពលរដ្ឋខ្វះធនធានមិនអាចធ្វើទៅបាន។

ចំណែកលោក វា ធុន ប្រជាពលរដ្ឋនៅភូមិកាតូត បានបញ្ជាក់ថា សម្បត្តិធម្មជាតិនេះមានអាយុកាលរាប់ពាន់ឆ្នាំដែលកប់នៅក្រោមដី ដោយសារការជីកកកាយទីទួលយកដីមកធ្វើផ្លូវ មានជម្រៅពី៤ ទៅ ៥ម៉ែត្រទើបប្រទះឃើញឈើដ៏ធំ និងមានតម្លៃមួយនេះ។

ជាមួយគ្នានេះ លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានក៏បានឲ្យប្រជាពលរដ្ឋយកមករក្សាទុកនៅកន្លែងដើម ដើម្បីរៀបចំជាទីអារាមមួយនៅភូមិកាតូតនេះ និងយកទៅដាក់តុបតែង នៅលើទីលានសាធារណៈសម្រាប់បំរើឱ្យវិស័យទេសចរណ៍ផងដែរ។

សូមបញ្ជាក់ថា ឈើថ្មនេះមានទំហំមុខកាត់ជិត ២ម៉ែត្រ ប្រវែងជិត ២០ម៉ែត្រ ស្ថិតនៅលើទីទួលចំណុចផ្លូវចូលទៅភូមិកាតូត មានចម្ងាយពីផ្លូវជាតិលេខ៧ ជាង ៣គីឡូម៉ែត្រ ហើយឈើថ្មនេះមានស្ថានភាពបាក់ជាកង់ៗ ដោយការកាប់កាយយកដីទៅធ្វើផ្លូវកាលពីឆ្នាំ ២០១៦កន្លងទៅ៕

អត្ថបទដោយ៖ Nevin

Related Articles