We TV Cambodia

មិនគួរស្ដាប់កាស​​ លើសពី១ម៉ោងទេ!

មិនគួរស្ដាប់កាស​​ លើសពី១ម៉ោងទេ!

យើងគ្រប់គ្នា ប្រាកដ​ជា​ធ្លាប់​ប្រើ​កាស​ដើម្បី​ស្ដាប់​ចម្រៀង និង​លេង​ហ្គេម​​ជា​ដើម។ នៅ​ពេល​ដែល​អ្នក​ចំណាយ​ពេល​យូរ​ក្នុង​ការប្រើកាស​ មិន​ថា​តែ​ប្រភេទ​កាស​តូចៗ​ធម្មតា ឬ​កាស​ក្ដោប​ត្រចៀកទេ  វាអាច​បង្ក​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ។ ការប្រើប្រាស់កាសត្រចៀកមិនថាជាប្រភេទ headphones ឬ earbuds សុទ្ធតែអាចបណ្តាលឱ្យខូចត្រចៀក ប្រសិនបើអ្នកទម្លាប់ស្តាប់ទៀតនោះ។

ការបាត់បង់សមត្ថភាព ការស្តាប់ គឺមិនមានការឈឺចាប់នោះទេ ហើយវាកើតឡើងយឺតៗ។ អ្នកស្ទើរតែមិនចាប់អារម្មណ៍ផងថា ត្រចៀករបស់អ្នកគឺខ្សោយជាងមុន និងចាប់ផ្ដើមខូចបន្តិចម្ដងៗ។ ម៉្យាងទៀតបើវាខូចហើយ គឺវាមិនអាចប៉ះប៉ូវមកវិញនោះទេ។ ដោយនៅ ឆ្នាំ២០១៥ អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា យុវជនជាង ១ពាន់លាននាក់ មានហានិភ័យក្នុងការវិវត្តទៅជាថ្លង់ ដោយសារតែទម្លាប់មិនល្អ នៅពេលដែលពួកគាត់ស្តាប់តន្ត្រី។

នៅពេលរលកសំឡេងទៅដល់ក្នុងត្រចៀករបស់យើង វាបណ្តាលឱ្យត្រចៀកមានរំញ័រ។ រំញ័រនេះធ្វើដំណើរឆ្លងកាត់ឆ្អឹងតូចៗជាច្រើន ដើម្បីទៅដល់ cochlea (ឆ្អឹងសំបកខ្យងក្នុងត្រចៀក) នៅក្នុងត្រចៀកផ្នែកខាងក្នុង។ នេះគឺជាអ្វីដែលបណ្តាលឱ្យអ្នកមានអារម្មណ៍ថា ការស្តាប់ចុះខ្សោយជាបណ្តោះអាសន្ន (ឬហឹងត្រចៀក) បន្ទាប់ពីអ្នកប្រឈមនឹងកន្លែងមានសំឡេងឮខ្លាំង ដូចជាបន្ទាប់ពីចេញពីការប្រគំតន្ត្រី ឬរោងកុនជាដើម។

សម្រាប់ករណីនេះវាគ្មានវិធីព្យាបាលណា ដែលអាចជួសជុលត្រចៀកផ្នែកខាងក្នុងរបស់អ្នកដែលបានខូចនោះទេ។​​ យោងទៅតាម Focus Malaysia បានឱ្យដឹងថា ញាណនៃការស្តាប់របស់យើង គឺជាដំណើរការស្មុគស្មាញមួយ ដែលមានទាំងសមត្ថភាពរបស់ត្រចៀកក្នុងការចាប់យកសំឡេង និងប្រេកង់ និងខួរក្បាលដើម្បីបកស្រាយវា។

ប្រែសម្រួលដោយ៖ ពិសី

Related Articles