We TV Cambodia

មាន់ខ្មៅ ៣ប្រភេទ កំពុងមានទីផ្សារខ្ពស់ និងអាចទាញចំណូលខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

មាន់ខ្មៅ ៣ប្រភេទ កំពុងមានទីផ្សារខ្ពស់ និងអាចទាញចំណូលខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

បច្ចុប្បន្ននេះ មុខរបរចិញ្ចឹមមាន់ខ្មៅកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់កសិករជាច្រើនក្នុងប្រទេសកម្ពុជា ដែលពីមុនមកមិនសូវមានអ្នកចិញ្ចឹមឡើយ។ ចំពោះមាន់ខ្មៅ គឺមានច្រើនប្រភេទទៅតាមពូជរបស់វា ប៉ុន្តែក្នុងចំណោមនោះ មានតែមាន់ខ្មៅ ៣ប្រភេទប៉ុណ្ណោះ ដែលមានតម្រូវការទីផ្សារខ្ពស់ និងមានលក្ខណៈងាយស្រួលចិញ្ចឹមថែតទៀតផង។

លោក លឹម រដ្ឋា ម្ចាស់កសិដ្ឋាន Ratha Cemani Farm រស់នៅស្រុកស្វាយចេក ខេត្តបន្ទាយជ័យ បានប្រាប់ឲ្យដឹងថា លោកប្រកបរបរចឹញ្ចឹមមាន់ខ្មៅនេះ ២ឆ្នាំមកហើយ ហើយសម្រាប់ទីផ្សារមាន់ប្រភេទនេះ គឺអាស្រ័យទៅតាមពូជរបស់វា ប៉ុន្តែក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន គេនិយមប្រភេទសេម៉ានី, ម៉ុងហ្គោលកត្មាត និងប្រភេទយូណាន។

លោក លឹម រដ្ឋា ម្ចាស់កសិដ្ឋាន Ratha Cemani Farm

លោកបន្តថា សម្រាប់ទីផ្សារបច្ចុប្បន្នគឺមានភាពល្អប្រសើរ ហើយចំពោះតម្លៃវិញ គឺប្រែប្រួលទៅតាមគុណភាពរបស់មាន់។ ប៉ុន្តែលោកបានបញ្ជាក់ថា ក្នុងទីផ្សារកម្ពុជាសព្វថ្ងៃនេះ មាន់ខ្មៅភាគច្រើនជាការលក់ពូជ មិនសូវមានការកាប់សាច់លក់ ឬថ្លឹងគីឡូលក់ប៉ុន្មាននោះទេ លើលែងតែក្នុងផ្សារទំនើបមួយចំនួនប៉ុណ្ណោះ។

ម្ចាស់កសិដ្ឋានរូបនេះ បានសង្កត់ធ្ងន់ថា ចំពោះមាន់ខ្មៅប្រភេទសេម៉ានី ដែលមានអាយុ ១ខែអាចលក់បានតម្លៃ ៧០ដុល្លារក្នុងមួយគូរ, ចំណែកប្រភេទម៉ុងហ្គោលកត្មាត អាយុ ១ខែអាចលក់បានតម្លៃ ៣០ដុល្លារក្នុងមួយគូរ និងប្រភេទយូណាន ដែលមានអាយុ ១ខែអាចលក់បានចន្លោះពី ២៥ដុល្លារ ទៅ ៣០ដុល្លារក្នុងមួយគូរ។ មិនតែប៉ុណ្ណោះ ក្នុងមួយខែៗលោកអាចរកចំណុលបានចន្លោះពី ៣០០ដុល្លារ ទៅ ៤០០ដុល្លារ ប៉ុន្តែសម្រាប់ខែខ្លះឈានដល់ ១,០០០ដុល្លារ ទៅ ១,៤០០ដុល្លារក៏មាន។

អត្ថបទដោយ៖ Nevin

Related Articles