We TV Cambodia

មានសុខុមាលភាពលើ៣ចំណុចនេះ នឹងធ្វើឱ្យអ្នកជោគជ័យ

មានសុខុមាលភាពលើ៣ចំណុចនេះ នឹងធ្វើឱ្យអ្នកជោគជ័យ

ការរស់នៅប្រកបដោយសុខភាពល្អគឺជា បំណងប្រាថ្នាទូទៅរបស់មនុស្សគ្រប់រូប។មនុស្សដែលមានសុខភាពរឹងមាំតែងតែទទួលបាននូវសុភមង្គលទាំងផ្លូវកាយ ផ្លូវចិត្ត និងរួមរស់ជាមួយអ្នកដទៃប្រកបដោយភាពចុះសម្រុងដែលជាកត្តាធ្វើឲ្យគេទទួលបានជោគជ័យក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ហើយអាចនិយាយឲ្យខ្លីថាសុខភាពគឺជាមាសប្រាក់។

សុខភាព គឺជាភាសាបាលី មានន័យថាភាពសុខ សេចក្តីសុខ។ ​ក្នុងន័យនេះគឺសំដៅទៅលើភាពគ្មានជំងឺតម្កាត់នៅ ក្នុងរាងកាយរបស់មនុស្សម្នាក់ៗ។ សុខភាពត្រូវបានចែកជាបីផ្នែក គឺ សុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងសុខភាពសង្គម ។

សុខភាពរាងកាយ

រូបភាពតំណាង (ប្រភពៈ Google)

គឺជាការនិយាយយោងដល់ថាតើ រាងកាយរបស់យើងមានលក្ខណៈល្អប្រសើរ ។ នៅពេលយើងមានសុខភាពផ្នែករាងកាយល្អ គឺយើងអាចបំពេញការងារប្រចាំថ្ងៃបានល្អដោយគ្មានភាពនឿយហត់។ យើងមានថាមពលគ្រប់គ្រាន់ក្នុង ការទៅសាលាដើម្បីរៀនសូត្រ ឬបំពេញការងារផ្សេងៗដើម្បីចិញ្ចឹមជីវិត។ មនុស្សដែលមានសុខភាពរាយកាយល្អ គឺជាអ្នក ដែលចេះប៉ាន់ប្រមាណក្នុងការបរិភោគ បានសមស្រប ហាត់ប្រាណ ឬបញ្ចេញពលកម្មបានទៀងទាត់ទទួលទានដំណេកបានគ្រប់គ្រាន់ ថែរក្សាសុខភាពមាត់ធ្មេញ និង សុខភាពរាងកាយទាំងមូលបានល្អប្រសើរ។

សុខភាពផ្លូវចិត្ត

រូបភាពតំណាង (ប្រភពៈ Google)

គឺជាការយើងមានអារម្មណ៍ល្អប្រសើរចំពោះខ្លួនយើង ហើយត្រូវ ប្រឈមមុខដោះស្រាយនឹងបញ្ហាផ្សេងៗដែលជាសំណូមពរនៃ ជីវិភាពរស់នៅប្រចាំថ្ងៃរបស់យើងបានល្អកម្រិតណា។ នៅពេល ដែលយើងមានសុខភាពផ្លូវចិត្តល្អយើងពេញចិត្តនឹងខ្លួនរបស់យើងស្គាល់ខ្លួនឯងថាជានរណា យើងទទួលស្គាល់ សមិទ្ធិផល ដែលយើងធ្វើបាននិងរីករាយក្នុងការរៀនសូត្រអំពីកំហុសដែលយើងបានធ្វើ ដើម្បីជាមេរៀនសម្រាប់តម្រង់ទិសជីវិតយើងទៅ ថ្ងៃក្រោយ យើងអាចប្រើប្រាស់ ពេលវេលាក្នុងការសម្រាកមានអធ្យាស្រ័យល្អព្រមទាំងចែករំលែកអារម្មណ៍របស់យើងជាមួយ នឹងអ្នកដ ទៃរួមនិងសាកល្បងនូវបទពិសោធន៍សំខាន់ផ្សេងៗដែលយើងទទួលបាន ដើម្បីជាផលប្រយោជន៍ចំពោះសុខភាពផ្លូវចិត្តរបស់យើង។

សុខភាពសង្គម

រូបភាពតំណាង (ប្រភពៈ Google)

គឺជាការនិយាយយោងទៅដល់ភាពចុះ សម្រុងរបស់ខ្លួនយើងជាមួយអ្នកដទៃដែលនៅជុំវិញខ្លួនយើង។ នៅពេលយើងមានសុខភាពសង្គមល្អ យើងមានអារម្មណ៍ស្រឡាញ់មិត្តភាព និងរក្សានូវទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួនយើងបានល្អប្រសើរ យើងចេះគោរពសិទ្ធិអ្នកដទៃ និងចេះជួយយកអាសាអ្នកដទៃដោយពុំគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ។ ការកសាងនូវទំនាក់ទំនង មួយដ៏ល្អប្រសើរជាមួយនឹងសមាជិកគ្រួសារ ការបង្កើត និងរក្សាបាននូវមិត្តភាពជាមួយនឹងមិត្ត ភក្តិរបស់ខ្លួនទាំងអស់នេះឯងគឺ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះសុខភាពផ្នែកសង្គម។

ក្នុងនាមជាយុវជន យើងត្រូវខិតខំ ថែទាំសុខភាពទាំងបីផ្នែកឲ្យបានល្អប្រសើរ ដោយជៀសវាងនូវរាល់ទង្វើ​ឬទម្លាប់ ទាំងឡាយបែបអវិជ្ជមានដែលធ្វើឲ្យមានផលប៉ះពាល់ដល់ សុខភាពទាំងបីនេះ។នៅពេលដែលយើងមានសុខភាព​ល្អ សុខភាព នេះឯងជាមាសប្រាក់ និងជាទ្រព្យសម្បត្តិដ៏មហាសាលដែលខ្លួនយើងមាន។

  • សុខភាពជាមាសប្រាក់ (សុភាសិតសកល)
  • ការរស់នូវដោយមានអនាម័យនាំមកនូវសេចក្តីសុខ (ពុទ្ធោវាទ)
  • បុគ្គលគប្បីចង់បាននូវការមិនមានរោគ ដែលជាលាភយ៉ាងក្រៃលែង (ពុទ្ធោវាទ)។

អត្ថបទៈ សាន គឹមសួ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *