We TV Cambodia

មានសង្ឃឹមហើយ!! ពូជស្រូវជាង ៤ពាន់តោនត្រូវបានផ្ដល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់

មានសង្ឃឹមហើយ!! ពូជស្រូវជាង ៤ពាន់តោនត្រូវបានផ្ដល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់

ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់ពូជស្រូវប្រមាណជាង ៤ពាន់តោនដល់ពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗក្នុងការស្ដារផលិតកម្មស្រូវឡើងវិញ។

លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម បានប្រាប់ឲ្យដឹងថា ពូជស្រូវសុទ្ធគុណភាពខ្ពស់ និងឧបករណ៍កសិកម្មមួយចំនួនទៀតត្រូវបានរដ្ឋាភិបាលសម្រេចផ្ដល់ជូនដល់ប្រជាកសិករសម្រាប់ជួយទុក្ខលំបាកដោយសារគ្រោះទឹកជំនន់ និងដើម្បីជួយដល់ការផលិតស្បៀងឡើងវិញ។

លោកបន្តថា រដ្ឋាភិបាលបានសម្រេចទិញពូជស្រូវចំនួន ២ពាន់តោនបន្ថែមទៀត ដើម្បីបន្ថែមលើពូជស្រូវដែលមានស្រាប់ចំនួន ២ពាន់តោន ដែលត្រៀមសម្រាប់ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងពន្លៀនការដាំដុះឡើងវិញឲ្យបានឆាប់រហ័ស។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ វិច្ឆិកា ខេត្តដែលរងគ្រោះដោយសារទឹកជំនន់មានចំនួន ១៨ខេត្ត និងបណ្ដាលឲ្យផ្ទៃដីដាំដុះប្រមាណជិត ៣០ម៉ឺនហិកតា ស្មើនឹង១០% នៃផ្ទៃដីដាំដុះទូទាំងប្រទេសត្រូវរងការខូចខាត។ ក្នុងនោះខេត្តដែលរងគ្រោះខ្លាំងជាងគេមានខេត្តចំនួន៣ គឺខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ដោយខេត្តបាត់ដំបងទទួលបានពូជស្រូវចំនួន ១,០៥០តោន, ខេត្តពោធិ៍សាត់ចំនួន ១,៤៥០តោន និងខេត្តបន្ទាយមានជ័យចំនួនជាង ៦០០តោនផងដែរ៕​

អត្ថបទដោយ៖ Nevin

Related Articles