We TV Cambodia

មានសង្ឃឹមច្រើន ទីផ្សារមានប៉ៃលិន បើរដ្ឋាភិបាលសម្រេចកិច្ចចរចាជាមួយចិន

មានសង្ឃឹមច្រើន ទីផ្សារមានប៉ៃលិន បើរដ្ឋាភិបាលសម្រេចកិច្ចចរចាជាមួយចិន

កសិករដំណាំមៀនប៉ៃលិនដែលត្រូវបានគេស្គាល់ច្បាស់ថាជាផ្លែ តាងែន មានរសជាតិផ្អែមឆ្ងាញ់ សំបកស្ដើង គ្រាប់តូច សាច់ក្រាស់ កន្លងមកមានការអាក់អន់ចិត្ដ នឹងផលិតផលមានទីផ្សារទាប(ថោក) ខណៈដែល ទិន្នផលប្រមូលបានច្រើន មានការលំបាកលក់ចេញ ទាំងក្នុងស្រុក និងក្រៅស្រុក។ ប៉ុន្ដែយ៉ាងណាក៏ដោយ ក្នុងរយៈពេលខ្លីខាងមុខ​ទំនងនឹងមានភាពល្អប្រសើរឡើង ក្រោយពេលដែលរដ្ឋាភិបាលមានគម្រោង ធ្វើការចរចាទីផ្សារនាំចេញទៅប្រទេសចិន​ក្នុងដើមឆ្នាំ២០២២។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា កម្ពុជាបាននឹងកំពុងចរចា ជាមួយភាគីចិន ទាំងការងារបច្ចេកទេស និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីបំពេញឲ្យខានតែបាននូវលក្ខខណ្ឌចាំបាច់ សម្រាប់ការនាំចេញ។ នៅដើមឆ្នាំ២០២១ កម្ពុជានឹងនាំចេញផ្លែស្វាយ ទៅកាន់ទីផ្សារចិន ខណៈនៅដើមឆ្នាំ២០២២ នឹងនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ចិនផងដែរ ។ បច្ចុប្បន្ន កម្ពុជាកំពុងរៀបចំមុខទំនិញទាំងនេះ ដាក់ទៅឲ្យភាគីចិន ដើម្បីត្រួតពិនិត្យមើលលក្ខណ:បច្ចេកទេសនៃការនាំចេញ។

តាមរបាយការណ៍ពីរដ្ឋបាលខេត្តប៉ៃលិនបានឲ្យដឹងថា បច្ចុប្បន្នខេត្តប៉ៃលិនមានដំណាំ ០៤ប្រភេទ ដែលកំពុងមានសក្តានុពលខ្ពស់ ក្នុងការដាំដុះនិងនាំចេញ រួមមាន មៀនប៉ៃលិន ស្វាយកែវរមៀត ដំឡូងមី និងពោតក្រហម ។ ដោយឡែក ផ្ទៃដីដាំមៀនប៉ៃលិន មានទំហំជាង ៤.៣៨៣ហិកតា។

ដោយ៖ Stince

Related Articles