ដោយ៖ពេជ្រ
បើតាមការបញ្ជាក់ឱ្យដឹងពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ក្រុមហ៊ុន Facebook ធ្វើការកែសម្រួលកម្មវិធីផេក និងលុបចោលចំនួន Like។
ជាងនេះទៅទៀត ការផ្លាស់ប្ដូរនេះមានដូចជាការលុបចោលនូវចំនួន Like ប៉ុន្តែបង្ហាញនូវចំនួនអ្នកតាមដាន (Followers) ជំនួសវិញ ដើម្បីឱ្យអ្នកគ្រប់គ្រងផេកមានការងាយស្រួលក្នុងការគ្រប់គ្រង ព្រោះថាចំនួនអ្នកតាមដាន វាបញ្ជាក់អំពីអ្នកប្រើប្រាស់ដែលចង់បានព័ត៌មានថ្មីៗពីទំព័រផេកនោះ។ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏បានធ្វើការកែតម្រូវទម្រង់របស់កម្មវិធីនេះដើម្បីឱ្យអ្នកប្រើប្រាស់ស្វែងរក ជីវប្រវត្តិរបស់ផេកបានកាន់តែងាយស្រួល។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនហ្វេសប៊ុក តែងតែបានបន្ថែមនូវមុខងារថ្មីៗមួយចំនួនរួចមកហើយមានដូចជា ការចែកចាយរូបភាព ឬវីដេអូដែលនឹងត្រូវលុបចោលក្នុងរយៈពេល ២៤ម៉ោង ដើម្បីប្រកួតប្រជែងជាមួយនឹងកម្មវិធី TikTok និងកម្មវិធី Snapchat៕
