តំបន់ភូមិសាស្រ្តខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងខណ្ឌចំការមន ដែលស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង រដ្ឋបាលរាជធានីភ្នំពេញ បានសិក្សាប្លង់ និងរៀបចំកែលម្អថ្មើរជើងថ្មីមួយខ្សែទៀតដើម្បីធ្វើអោយមានសោភ័ណភាពស្រស់ស្អាតក្នុងក្រុង។
នេះបើតាមការអោយដឹង ពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ ការសិក្សាគម្រោងខាងលើ រដ្ឋបាលរាជធានីភ្នំពេញបានកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាង និងជួសជុលមហាវិថីនានាក្នុងទីក្រុងសម្រាប់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរបានកាន់តែងាយស្រួល និងមានសុវត្ថិភាព។
ការសិក្សាគម្រោង កែលម្អផ្លូវថ្មើរជើង ខាងលើ រដ្ឋបាលរាជធានីភ្នំពេញបានតម្រូវឱ្យមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងទីចាត់ការរៀបចំក្រុង ចុះសិក្សារួមគ្នាដល់ទីតាំងជាក់ស្ដែង ដើម្បីធានាឱ្យបាន ក្នុងការកែលម្អមហាវិថីម៉ៅសេទុង ឱ្យទៅជាមហាវិថីដែលអមដោយផ្លូវថ្មើរជើងថ្មីមួយខ្សែបន្ថែមទៀត។
សូមជម្រាបថា មហាវិថីម៉ៅសេទុងគឺជាមហាវិថីដែលមានការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋច្រើន និង មានសភាពមមាញឹក។ដោយជារឿយៗមហាវិថីមួយនេះ ដែលតែតែងមានការកកស្ទះចរាចរ។
ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ ធ្វើអោយរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមជាបន្តបន្ទាប់ ដើម្បីរួមចំណែកដោះស្រាយបញ្ហាកកស្ទះនេះ។
សូមបញ្ជាក់ថា ស្ពានអាកាសថ្មើរជើង មានបណ្ដោយប្រវែង២៧ម៉ែត្រ និងទទឹងប្រវែង៣ម៉ែត្រត្រង់ចំណុចផ្សារដើមគរនិងគ្រោងបើកដំណើរក្នុងឆ្នាំនេះបន្ទាប់ពីការសាងសង់សម្រេច បាន៨៥ភាគរយហើយ នៃគម្រោងទាំងមូល បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០១៩ កន្លងមកនេះ៕