
ដោយ៖ស្រីពេជ្រ
ភ្នំពេញ៖ ការយាងសោយព្រះពិរាល័យ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់កន្លងទៅ បានធ្វើឱ្យសាធារណៈជន ប្រជាជនកម្ពុជាទាំំងមូលមានការសោកស្ដាយជាពន់ពេក ដូច្នេះចំពោះអ្នកដែលចង់ចូលថ្វាយបង្គំព្រះសព អាចចូលចាប់ពីថ្ងៃនេះតទៅ។
ការសោយព្រះពិរាល័យនៃ សម្តេចរាជបុត្រីព្រះរៀម គឺជាការបាត់បង់ដ៏ធំធេងមួយនៃឃ្លាំងសិល្បៈវប្បធម៌ខ្មែរ ដែលកន្លងមកទ្រង់តែងតែបណ្ដុះបណ្ដាលកូនសិស្សរបាំ បង្ហាត់បង្រៀន ត្រួសត្រាយផ្លូវ ដឹកនាំលើកស្ទួយវិស័យសិល្បៈរបាំ ជាពិសេសគឺរបាំព្រះរាជទ្រព្យ
ក្នុងនោះដែរ តាមហ្វេសប៊ុកនៃក្រុមព្រះសូរិយាបានបញ្ជាក់ថា មហាជនអាចចូលទៅថ្វាយបង្គំ ព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលតំកល់រៀបចំតាមព្រះរាជបវេណី នាវត្តបទុមវតីរាជវរារាម ក្បែរព្រះបរមរាជវាំង ចាប់ពីវេលានេះ រហូតដល់ថ្ងៃថ្វាយព្រះភ្លើងខាងមុខនេះ។
សូមបញ្ជាក់ដែរថា ព្រះសពសម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី «ទេពនាដវដ្តីឯក» នឹងត្រូវថ្វាយព្រះភ្លើង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ៕
