ដោយ៖ស្រីពេជ្រ

ភ្នំពេញ៖ ក្រោយពីទទួលដំណឹងនៃការសោយព្រះពិរាល័យរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ៧៧ព្រះវស្សា នាវេលាម៉ោង ១២:៣០ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ មហាជនក៏ដូចជាកូនសិស្សរបាំបានសម្ដែងការសោកស្ដាយឥតឧបមា ចំពោះការបាត់បង់ធនធានសិល្បៈ និងជានិមិត្តរូបនៃរបាំព្រះរាជទ្រព្យសម្រាប់ប្រទេសកម្ពុជាទាំងមូល។
ស្ថិតក្នុងទឹកមុខដ៏ក្រៀមក្រំ ស្រងេះស្រងោច ក្រោមដំណក់ទឹកភ្នែក យំរៀបរាប់ពីក្ដីស្រណោះអាឡោះអាល័យជាពន់ពេកនៃការសោយព្រះពិរាល័យរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។ទាំងនេះជា អារម្មណ៍សោកស្ដាយរបស់កូនសិស្សរបាំ និងមហាជន ដែលពួកគាត់ទទួលយកមិនបានចំពោះការចាកចេញទៅមិនត្រឡប់របស់ម្ចាស់ម៉ែនៃរបាំព្រះរាជទ្រព្យ។
លោក ស្វាយ លីម៉េង ជាអ្នកនិពន្ធមួយរូបដែលតែងតែគាំទ្រស្នាព្រះហស្ថរបស់ទ្រង់ បានផ្ដល់កិច្ចសម្ភាសន៍មកកាន់ក្រុមការងារយើងថា៖«សម្រាប់ខ្ញុំ ការបាត់បង់សម្តេចព្រះរាម គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិខ្មែរទាំងមូលតែម្ដង ប្រៀបដូចជាការបាត់បង់ដ៏ធំធេងនៃឃ្លាំងសិល្បៈវប្បធម៌របស់ជាតិ។ ព្រោះអង្គមានព្រះជន្មលើសម្ដាយរបស់ខ្ញុំទៅទៀត ព្រះអង្គទ្រង់ឆ្លងកាត់ច្រើនជំនាន់មែនទែន ដូច្នេះគឺមានរឿងច្រើនដែលត្រូវសិក្សាស្រាវជ្រាវពីព្រះអង្គបន្ថែមទៀត ព្រោះទ្រង់ជាក្សត្យដែលមានស្នាព្រះហស្ថជាច្រើនជាមួយសិល្បៈវប្បធម៌ខ្មែរ។លោកបន្តទៀតថា ក្នុងនាមយើងជាយុវជនខ្មែរ បើយើងមិនចេះស្រលាញ់មិនខ្វល់ខ្វាយ មិនចេះពួតដៃគ្នាលើកស្ទួយសិល្បៈខ្មែរយើងទេ ថ្ងៃណាមួយយើងនឹងបាត់បង់សិល្បៈដ៏ផូរផង់ដែលបន្សល់ទុកតាំងពីដូនតាមក»។
លោកស្រី ទេស សុក្រលីកា ជាបុគ្គលិកនៃនាយកដ្ឋានសិល្បៈ ក៏ធ្លាប់ជាកូនសិស្សរបាំព្រះរាជ្យទ្រព្យមួយរូប៖« សម្រាប់ពួកខ្ញុំបើនិយាយពីការសោកស្ដាយគឺមិនដឹងថាដល់កម្រិតណា ព្រោះតាំងពីខ្ញុំនៅតូចៗ លោកគឺជាអ្នកផ្ដល់ចំណេះដឹង ការសណ្ដោសប្រណីដល់ពួកខ្ញុំរហូតមក។ ហើយដំណឹងនៃការបាត់បង់ទ្រង់ វាហាក់ដូចជាលឿនពេកដែលពួកខ្ញុំទទួលយកមិនបាន ព្រោះមើលទៅលោកនៅមានព្រះកាយពលមាំទាំ តែមិននឹកស្មានថាត្រឹមមួយអាទិត្យក៏ត្រូវបាត់បង់លោកបែបនេះទៅវិញ។ ហើយអ្វីដែលខ្ញុំចង់បានគឺសូមឲ្យកូនខ្មែរយើងជួយគាំទ្រសិល្បៈខ្មែរ របាំបុរាណអោយកាន់តែរីកដុះដាលទៅ»។
លោកស្រី វុធ ច័ន្ទមូលី ជាគ្រូបង្ហាត់របាំនៃសាលាមធ្យមវិចិត្រសិល្បៈ៖« មិនថានាងខ្ញុំឬកូនសិស្ស សិល្បៈការនី លោកគ្រូអ្នកគ្រូទាំងអស់ នេះគឺជាមហាសោកនាដកម្ម ដែលពួកយើងមិនចង់ទទួលយកទេ ព្រោះម្ចាស់ម៉ែគឺជាបុគ្គលម្នាក់ដែលតែងតែថែរក្សាសម្បត្តិវប្បធម៌របស់ខ្មែរយើង ហើយលោកតែងតែបណ្ដុះបណ្ដាលក្មេងៗជំនាន់ក្រោយ ហើយលោកតែងមានបន្ទូលថា អត់ពីលោកទៅ ពួកយើងជំនាន់ក្រោយហ្នឹងហើយ ដែលជាបន្តវេនទៅថ្ងៃអនាគតទៀត ដើម្បីកុំឲ្យខ្មែរបាត់បង់នូវសិល្បៈមួយនេះ។ ជាពិសេសលោកមានព្រះទ័យល្អ តែងតែសណ្ដោសប្រណីដល់អ្នកក្រីក្រ ផ្គត់ផ្គង់ឲ្យរៀនសូត្រ ផ្ដល់ទាំងកម្លាំងចិត្តអោយខំតស៊ូក្នុងជីវិត សូម្បីតែខ្ញុំផ្ទាល់ក៏លោកផ្តល់លុយកាក់អោយទៅរៀនភាសាអង់គ្លេសដែរ ព្រោះទ្រង់មិនចង់អោយអ្នករបាំចេះតែរបាំមួយមុខទេ»។
លើសពីនេះទៅទៀត លោកស្រី ក៏សំណូមពរទៅដល់យុវជនខ្មែរយើងជំនាន់ក្រោយត្រូវចេះស្រលាញ់អ្វីដែលខ្មែរមាន មិនឃាត់ទេរឿងស្រលាញ់វប្បធម៌បរទេស តែយើងត្រូវតែមានជាតិនិយមខ្លះដែរ យើងត្រូវស្រលាញ់ថែរក្សាទ្រព្យសម្បត្តិដែលដូនតាយើងបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ។
សូមបញ្ជាក់ផងដែរថា ព្រះសពព្រះរៀម បុប្ផាទេវី «ទេពនាដវដ្តីឯក» នឹងត្រូវបូជា នៅថ្ងៃទី២៥ វិច្ឆិកា វេលាម៉ោង៨នាទីព្រឹក៕
