ដោយៈ ទិន សុខាវុធ
លោក ប៉ុន សារ៉ាន់ ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវអោយយុវជនជំនាន់ក្រោយ ជួយលើកស្ទួយសិល្បៈបុរាណខ្មែរ កុំអោយនៅឆ្ងាយពេកពីសិល្បៈសម័យពេក។
ការលើកឡើងរបស់លោក ប៉ុន សារ៉ាន់ ត្រូវបានធ្វើឡើងនៅក្នុងឱកាសសន្និសិទសារព័ត៌មានមួយ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ ស្តីពីការរៀបចំកម្មវិធី «តន្ត្រីខ្មែរ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែ តុលា ឆ្នាំ ២០១៩ ខាងមុខនេះ នៅក្រោមការជួយឧបត្ថមរបស់ក្រុមហ៊ុន NANO Sound (JBL) ។
យោងតាមលោក ប៉ុន សារ៉ាន់ នៅពេលបច្ចុប្បន្ននេះ វិស័យសិល្បៈបុរាណខ្មែរមានភាពទន់ខ្សោយជាខ្លាំង បើប្រៀបធៀបជាមួយនឹងសិល្បៈសម័យ។ មួយវិញទៀត សិល្បៈបុរាណក៏មានសារសំខាន់ដែរ ព្រោះវាបង្ហាញពីអត្តសញ្ញាណជាតិរបស់យើង មានដូចជាប្រពៃណី ទំនៀមទំលាប់ និង វប្បធម៌ជាតិជាដើម។
ទាក់ទងនឹងរឿងនេះ លោក ហេង សុខសាន្ត ប្រធានផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន NANO Sound ដែលផ្តល់ការជួយឧបត្ថមដល់កម្មវិធី «តន្ត្រីខ្មែរ» បានលើកឡើងថា ក្រុមហ៊ុនរបស់លោកមានការចាប់អារម្មណ៍ និងចង់លើកស្ទួយសិល្បៈបុរាណខ្មែរ អោយមាសន្ទុះឡើងវិញ។
លើសពីនេះទៀត ក្រុមហ៊ុន NANO Sound ក៏ចង់អោយយុវជនយល់ដឹងអោយបានកាន់តែច្រើនឡើងថែមទៀតពីសិល្បៈរបស់ខ្មែរ ដើម្បីអោយពួកគេអាចចូលរួមលើកស្ទួយសិល្បៈនេះអោយបានកាន់តែខ្លាំងក្លាឡើងថែមទៀត៕