We TV Cambodia

មន្ទីរពិសោធន៍ធ្វើតេស្តមេរោគកូវីដ១៩ ថ្មីក្នុងខេត្តសៀមរាប បានដាក់ឱ្យដំណើរការ ហើយ

មន្ទីរពិសោធន៍ធ្វើតេស្តមេរោគកូវីដ១៩ ថ្មីក្នុងខេត្តសៀមរាប បានដាក់ឱ្យដំណើរការ ហើយ
មន្ទីរពិសោធន៍វេជ្ជសាស្ត្រតេស្តរកកូវីដ១៩ (ប្រភព៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប)

មន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ ថ្មីក្នុងខេត្តសៀមរាប បានដាក់ឲ្យដំណើរការជាផ្លូវការហើយ ដោយពុំចាំបាច់ពឹងលើវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅក្នុងរាជធានីភ្នំពេញតែមួយមុខនោះទេ។

មន្ទីរពិសោធន៍វេជ្ជសាស្ត្រតេស្តរកកូវីដ១៩ (ប្រភព៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប)

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ថា មន្ទីរពិសោធន៍ធ្វើតេស្តមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងដាក់ឱ្យដំណើរការនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមការជួយជ្រោមជ្រែងពីក្រសួងសុខាភិបាល។ មន្ទីរពិសោធន៍នេះ មានសមត្ថភាពធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយមិនចាំបាច់យកសំណាកទៅធ្វើតេស្តនៅភ្នំពេញទៀតឡើយ ដោយមន្ទីរពិសោធន៍នេះបានរៀបចំតាមលក្ខណៈស្តង់ដារក្នុងការការពារនៃការចម្លងរោគ ដោយមានបំពាក់ម៉ាស៊ីនថ្មី និងមន្រ្តីត្រូវបានបញ្ជូនទៅធ្វើការបណ្តុះបណ្តាលចប់រួចរាល់ហើយ។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប (ប្រភព៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប)

លោកបានបញ្ជាក់ថា សម្រាប់ថ្ងៃដំណើរការដំបូងរបស់មន្ទីរពិសោធន៍ធ្វើតេស្តមេរោគកូវីដ-១៩នេះ ក៏មានមន្រ្តីនៃអង្គការសុខភាពពិភពលោកជួយផងដែរ។ ក្រៅពីការរៀបចំដំណើរការធ្វើតេស្តរកមេរោគកូវីដ១៩ នៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាបនេះ ក្រសួងសុខាភិបាលនឹងបន្តពង្រីកទៅខេត្តផ្សេងៗទៀត ដូចជាខេត្តបាត់ដំបង និងខេត្តកំពង់ចាមជាដើម។

មន្ទីរពិសោធន៍វេជ្ជសាស្ត្រតេស្តរកកូវីដ១៩ (ប្រភព៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប)

សូមជម្រាបថា គិតមកទល់ថ្ងៃទី២៨ ខែកក្កដានេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ចំនួន ២២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១៤៧នាក់ និង ៧៩នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតអាម៉េរិកប្រចាំកម្ពុជា៕

អត្ថបទដោយ៖ Nevin

Related Articles