We TV Cambodia

មន្ត្រីជំនាញរកឃើញមេតាណុលក្នុងស្រា ក្នុងករណីពុលស្រានៅកំពង់ឆ្នាំង

មន្ត្រីជំនាញរកឃើញមេតាណុលក្នុងស្រា ក្នុងករណីពុលស្រានៅកំពង់ឆ្នាំង

អត្ថបទដោយ៖រដ្ឋ ស្រីពេជ្រ

ភ្នំពេញើ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានរកឃើញមានសារធាតុ
មេតាណុលក្នុងស្រា ក្នុងករណីដែលសង្ស័យថា អ្នកពុលនៅខេត្តកំពង់ឆ្នាំងបណ្តាលមកពីការទទួលទានស្រា។

បើតាមមន្ត្រីជំនាញបានឱ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានពីករណីពុលនៅស្រុកទឹកផុស មន្រ្តីជំនាញបានចុះប្រតិបត្តិការត្រួតពិនិត្យ ស្រាវជ្រាវ និងស៊ើបអង្កេត នៅទីតាំងកើតហេតុ ស្ថិតក្នុងភូមិជីប៉្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងសិប្បកម្មផលិតស្រាចំនួន៨កន្លែង ដែល៣កន្លែងស្ថិតក្នុងស្រុកទឹកផុស និង ៥កន្លែងទៀតនៅក្នុងស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។

បន្ថែមពីនេះ  មន្ត្រីជំនាញបានប្រមូលនិងដកយកគំរូសំណាកស្រា សរុបចំនួន៧៣គំរូ មកធ្វើការវិភាគនៅមន្ទីរពិសោធន៍របស់
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ។ លទ្ធផលនៃការធ្វើតេស្តគំរូសំណាក៥គំរូ នៃស្រាចំនួន១៦គំរូ ដែលទទួលបានពីស្នងការដ្ឋាននគរបាលខេត្ត មានវត្តមានមេតាណុលក្នុងកម្រិតខ្ពស់ចាប់ពី១០,៥ភាគរយ រហូតដល់១៧,២៥ ភាគរយ លើសកម្រិតអនុញ្ញាតដែលឱ្យខ្ពស់បំផុតត្រឹមតែ០,១៥ភាគរយប៉ុណ្ណោះ។ដោយឡែក ៥៥គំរូ ដែលដកហូតពីសិប្បកម្មចំនួន៨កន្លែងផ្សេងគ្នា កំពុងធ្វើការវិភាគបន្ត។

តាមរយៈលទ្ធផលខាងលើ និងផ្អែកលើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ មន្ត្រីជំនាញបានបញ្ជាក់ថា គំរូស្រាចំនួន៥ ក្នុងចំណោម គំរូ
ស្រាចំនួន១៦ខាងលើ មានកម្រិតមេតាណុល លើសពី១០ក្រាម ក្នុង១០០មីលីលីត្រស្រា ដែលមានន័យថា ក្មេងជំទង់អាចពុលស្លាប់បាន ប្រសិនបើទទួលទានចាប់ពី១០០មីលីលីត្រឡើងទៅ និងមនុស្សពេញវ័យអាចពុលស្លាប់បាន ប្រសិនបើទទួលទានចាប់ពី៣០០មីលីលីត្រឡើង។

សូមបញ្ជាក់ថា ករណីពុលស្រានេះ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មានសរុបចំនួន១៣១នាក់ ក្នុងនោះស្លាប់ចំនួន៧នាក់៕

 

 

Related Articles