We TV Cambodia

មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ឈប់សម្រាកសងបុណ្យចូលឆ្នាំ៥ថ្ងៃ ភ្ញៀវទេសចរដើរកម្សាន្ដ ចាយលុយជាង១០០លានដុល្លារ

មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ឈប់សម្រាកសងបុណ្យចូលឆ្នាំ៥ថ្ងៃ ភ្ញៀវទេសចរដើរកម្សាន្ដ ចាយលុយជាង១០០លានដុល្លារ

អត្ថបទដោយ៖រដ្ឋ ស្រីពេជ្រ

(ភ្នំពេញ)៖  ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ រយៈពេល៥ថ្ងៃកន្លងទៅនេះ មានភ្ញៀវទេសចប្រមាណ១.៤លាននាក់ បានដើរកម្សាន្ដនៅទូទាំងប្រទេស ក្នុងនោះបានចាយថវិកាប្រមាណជាង១០០លានដុល្លារអាមេរិក។ នេះបើតាមឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ។

ឯកឧត្តម ទិត ចន្ថា បានថ្លែងយ៉ាងដូច្នេះថា «ក្នុងឱកាសឈប់សម្រាកកន្លងទៅនេះ សកម្មភាពទេសចរណ៍ផ្ទៃក្នុងបានរុញទៅគ្រប់ទិសទីទាំងអស់ មានរហូតទៅដល់ប្រមាណ១.៥លាននាក់ ក្នុងនោះមាន១០ភាគរយ ជាជនបរទេសនៅក្នុងប្រទេសកម្ពុជា បានជំរុញសេដ្ឋកិច្ចផ្ទៃក្នុងដែលយើងប៉ាន់ប្រមាណ ជំហានដំបូងថា ប្រមាណ១០០លានដុល្លារ ក្នុងរយៈពេល៩ថ្ងៃកន្លងមកនេះ»។

ឯកឧត្តម ទិត ចន្ថា បានបញ្ជាក់ថា ការចាយថវិការបស់ភ្ញៀវទេសចរនេះ គឺជាការជំរុញចរន្ដសេដ្ឋកិច្ចផ្ទៃក្នុងមួយដ៏ល្អ គ្រាដែលទេសចរណ៍បរទេសត្រូវបានធ្លាក់ចុះស្ទើរទាំងស្រុង។

បន្ថែមពីនេះ ឯកឧត្តម បានមានប្រសាសន៍ថា ថវិកា១០០លានដុល្លារនេះ គឺជាចរន្ដផ្ទាល់នៃការចំណាយរបស់ភ្ញៀវទៅក្នុងគោលដៅទេសចរណ៍ ហើយទុននេះនឹងជួយជំរុញផ្នែកពាក់ព័ន្ធផ្សេងៗទៀត នៃសេដ្ឋកិច្ចសង្គម ហើយតាមរយៈតួលេខនេះ ក៏ជាការលើកទឹកចិត្តឲ្យមានការវិនិយោគបន្ថែម សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាកម្មទេសចរណ៍នៅមូលដ្ឋាន ចាប់ផ្ដើមបើកដំណើរការឡើងវិញផងដែរ។

ទន្ទឹមនឹងនេះ តាមរយៈតួលេខដែលក្រសួងទេសចរណ៍ទទួលបាន អាជីវកម្មបម្រើឲ្យវិស័យទេសចរណ៍ ៣០ភាគរយបើកដំណើរការឡើងវិញ ក្នុងចំណោម៩០ភាគរយដែលត្រូវបិទទ្វារ ដោយសារកូវីដ-១៩។ ក្នុងនោះ កម្មករ និយោជិត ប្រមាណជាង១០ម៉ឺននាក់បានចូលបម្រើការងារវិញផងដែរ៕

ប្រភព៖ ក្រសួងទេសចរណ៍

 

Related Articles