
ដោយៈ ទិន សុខាវុធ
ចំនួនមនុស្សស្លាប់បានកើនដល់ ៧ នាក់ហើយ រហូតមកដល់ម៉ោង ៤ ព្រឹក នៅថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២០ នេះ នៅក្នុងហេតុការណ៍បាក់រលំអគារកំពុងត្រូវបានសាងសង់មួយនៅខេត្តកែប កាលពីម្សិលម៉ិញនេះ។
សាកសពជនរងគ្រោះត្រូវបានកាយរកឃើញ ដោយក្រុមអ្នកជួយសង្គ្រោះដោយប្រើប្រាស់យានយន្តកាយថ្មធុនធំប្រភេទ excavator នៅក្រោមការត្រួតពិនិត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់។
យោងតាមលោក ប៉ែន តារា ដែលជាមន្ត្រីនគរបាលប្រចាំខេត្តកែប ជនរងគ្រោះចំនួន ១៨ នាក់ត្រូវបានជួយសង្គ្រោះពីសំណង់បែកបាក់នោះ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយ។ ភាគច្រើននៃជនរងគ្រោះទាំងនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក ប៉ែន តារា បានបន្ថែមទៀតថា នៅក្នុងអគារដែលកំពុងត្រូវបានសាងសង់នោះ មានកម្មករសំណង់សរុបទាំងអស់ ៤០ រស់នៅនិងធ្វើការនៅទីនោះ ដែលជាប្រការមួយបំពានទៅលើការហាមឃាត់ ចាប់តាំងពីហេតុការណ៍បាក់រលំអគារនៅខេត្តព្រះសីហនុ៕
