ដោយ៖ស្រីពេជ្រ
នៅពេលដែលអ្នកចំណាយពេលវេលាជាមួយបុគ្គលជោគជ័យ អ្នកនឹងកត់សំគាល់លក្ខណៈពិសេសមួយចំនួនរបស់ពួកគេ ដែលមនុស្សសាមញ្ញមួយចំនួនមិនមាន។ បុគ្គលទាំងនោះមិនចូលចិត្តខ្ជះខ្ជាយពេលវេលារបស់ពួកគេក្នុងការគិតអវិជ្ជមានទេ ហើយពួកគេផ្តោតអារម្មណ៍លើជម្រើស និងឱកាសដែលជួយជម្រុញការងារពួកគេទៅរកភាពជោគជ័យ។ក្នុងនោះដែរពួកគេមិននិយាយអ្វីដែលធ្វើឱ្យពួកគេបាត់បង់ក្តីសង្ឃឹម និងកាន់តែបាក់ទឹកចិត្តទេ។
ខាងក្រោមនេះគឺជារឿងមួយចំនួនដែលបុគ្គលជោគជ័យមិនដែលនិយាយ៖
១.ខ្ញុំមិនអាចធ្វើវាបានទេ
មនុស្សជោគជ័យគេមិនដែលនិយាយថា«ខ្ញុំមិនអាចធ្វើរឿងនេះបានទេ»។ ព្រោះពួកគេជឿជាក់យ៉ាងមុតមាំក្នុងការនិយាយថា«ខ្ញុំអាចធ្វើបាន»ហើយពួកគេពិតជាមានសមត្ថភាពក្នុងការបំពេញភារកិច្ចដែលពិបាកបំផុតនោះបានយ៉ាងរលូន។ ដូច្នេះ គ្រាន់តែជឿជាក់លើខ្លួនឯងវាអាចធ្វើឱ្យអ្នកធ្វើរឿងដែលអ្នកគិតថាមិនអាចទៅរួចទៅមុខបានយ៉ាងមានទំនុកចិត្ត។
២.ខ្ញុំមិនដឹងពីរបៀបនៃការធ្វើការទេ
ដូចពាក្យគេថា ចេះពីរៀន មានមកពីរក គ្រប់យ៉ាងគឺទាល់តែអ្នកប្រឹងប្រែង ស្វះស្វែងរៀនសូត្រទើបអ្នកអាចធ្វើការងារទាំងនោះបាន។ គ្មាននរណាម្នាក់ដែលទទួលបានជោគជ័យ ដោយមិនដឹងពីវិធីដោះស្រាយបញ្ហា ឬវិធីធ្វើការងារនោះទេ។ ទាំងនេះ គឺជាអ្វីដែលត្រូវរៀនសូត្របន្ថែមជំនួសឱ្យការនិយាយថា «ខ្ញុំមិនដឹងពីរបៀបធ្វើ» ព្រោះមនុស្សជោគជ័យផ្តោតលើការស្វែងរកវិធីដើម្បីដោះស្រាយបញ្ហា។
៣.បើខ្ញុំមានដើមទុនច្រើន ខ្ញុំនឹងធ្វើបានប្រសើរជាងនេះ
បញ្ហលុយកាក់ មិនមែនជាឧបសគ្គដែលបញ្ឈប់អ្នកពីការសម្រេចចិត្តឆ្ពោះទៅរកភាពជោគជ័យទេ ព្រោះភាពជោគជ័យទាំងនោះបានមកដោយការខិតខំនិងការលើកទឹកចិត្ត។ ទោះបីជាមានបញ្ហាហិរញ្ញវត្ថុក៏ដោយ ក៏មនុស្សជោគជ័យព្យាយាមគិតពីវិធីដើម្បីដោះស្រាយបញ្ហាបានច្រើនជាងនេះ សូម្បីមានប្រាក់តិចតួចក៏ដោយក៏នៅតែរកស៊ីបានដែរ។
៤.ដៃគូប្រកួតប្រជែងគឺឆោតល្ងង់
មនុស្សជោគជ័យមិនដែលមើលស្រាលសមត្ថភាពដៃគូប្រកួតប្រជែងរបស់ខ្លួនឡើយ។ ព្រោះ បើដៃគូអ្នកមិនខ្លាំង ច្បាស់ណាស់អ្នកក៏មិនខ្លាំងដែរ ដូចនេះជាឱកាសមួយដែលអ្នកគួរប្រឹងប្រែងបន្ថែមឱ្យកាន់តែខ្លាំងជាងដៃគូអ្នក។
៥.ខ្ញុំមិនមានពេលរៀនទេ
ចំណេះដឹង គឺជាអាវុធស្របច្បាប់ដែលគ្រប់គ្នាប្រាថ្នាចង់បានទូទាំងសាកលលោក។ ការស្រេកឃ្លានចំណេះដឹងរបស់ពួកគេគ្មានទីបញ្ចប់ទេ ហើយនេះជាអ្វីដែលធ្វើឱ្យបុគ្គលទាំងនោះទទួលបានជោគជ័យ។ អ្នកនឹងមិនដែលឮពួកគេនិយាយថា «អូ! ខ្ញុំមិនមានពេលរៀនទេ»ហើយពួកគេមិនដែលបោះបង់ចោលឱកាសពីការរៀនសូត្រទេ ព្រោះការរៀនមិនចេះចប់មិនចេះហើយនេះហើយ ដឹងនាំពួកគេមានគំនិតថ្មីៗ ដឹងពីអ្វីៗជាច្រើនដែលមនុស្សខ្ចិលរៀនមិនដឹង៕