We TV Cambodia

មណ្ឌលគិរី៖ ភ្នំឡែងកៅ មានទឹកជ្រោះដ៏ទាក់ទាញ មិនចាញ់ទឹកជ្រោះប៊ូស្រា

មណ្ឌលគិរី៖ ភ្នំឡែងកៅ មានទឹកជ្រោះដ៏ទាក់ទាញ មិនចាញ់ទឹកជ្រោះប៊ូស្រា

ដោយ៖ពេជ្រ

មណ្ឌលគិរី៖ ភ្នំឡែងកៅ គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទឹកជ្រោះដ៏ទាក់ទាញ មិនចាញ់ទឹកជ្រោះប៊ូស្រានោះទេ។ធនធានធម្មជាតិ និងជីវៈចម្រុះសំបូរបែបដែលទាក់ទាញរួមមាន៖ ទឹកធ្លាក់ច្រើនដំណាក់បង្កើតបានជាសំលេងធម្មជាតិយ៉ាងពិរោះរណ្ដំ។

បើតាម ទិដ្ឋភាពជាក់ស្ដែង ទឹកត្រជាក់ដូចទឹកអម្រិតហូរកាត់ផ្ទាំងថ្មដា រួមផ្សំជាមួយ​សម្រែក​សត្វទោច​(ប្រភេទសត្វដែលមានតម្លៃអភិរក្ស) និងបក្សាបក្សី។ សម្រស់ធម្មជាតិ នៃ ព្រៃស្រោងសើមដុះតាម ជ្រលងភ្នំ សងខាងមាត់ជ្រោះ លប់ទៅដោយដើម​ស្លាព្រៃ និងរុក្ខជាតិតិណ្ណជាតិគួរឱ្យចង់ទៅលេងកំសាន្ត។

បើនិយាយពីសណ្ឋានដី និងភូមិសាស្ត្រ ទីនោះជាតំបន់ភ្នំមានសោភ័ណភាពទាក់ទាញ ប៉ុន្តែនៅមិនទាន់ដឹងថាជាប្រភេទថ្មអ្វី។ ចំណែកផ្នែកតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌វិញ នៅទីនោះ មានជនជាតិដើមភាគតិចព្នង ដែលតែងតែជឿថាតំបន់ភ្នំឡែងកៅមានភាពស័ក្តសិទ្ធ។

ចំណែក ទឹកជ្រោះឡែងកៅ ជាឈ្មោះ ដែលហៅតាមព្រៃអារក្ស ឬ ព្រៃតំណមរបស់ជនជាតិដើមភាគតិច និងនៅមានរឿងរ៉ាវជាច្រើនដែលមិនទាន់ដឹងអស់នៅទីនោះ។

តាមរយៈ ក្រសួងបរិស្ថាន បានឲ្យដឹងថា លក្ខណៈពិសេសរបស់ព្រៃភ្នំសក្ការៈបូជានេះ បូកនឹងការប្រឈមនឹងការកាប់រុករាន និងដុតដីព្រៃដើម្បី​ធ្វើចម្ការអាចធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីតំបន់ព្រៃភ្នំនេះប្រែប្រួល។ ភ្នំនេះ ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ។  ទឹកជ្រោះមានចម្ងាយ១ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៧៦  ត្រង់ផ្លូវបត់ចូលទៅទឹកជ្រោះមានចម្ងាយ៣៤៥ គ.ម ពីរាជធានីភ្នំពេញ ឬហួសស្នាក់ការអូររាំង នៃដែនជម្រកសត្វព្រៃកែវសីមាប្រមាណ១គ.ម នៅខាងស្តាំដៃ ឬ ២៦ គ.ម ពីក្រុងសែនមនោរម្យ នៅខាងឆ្វេងដៃ។

សូមបញ្ជាក់ដែរថា រដ្ឋាភិបាលបានចេញលិខិតលេខ ៨៣អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ឱ្យក្រសួងបរិស្ថានរៀបចំបង្កើតជាដែនជម្រកសត្វព្រៃកែវសីមា លើផ្ទៃដី២៩២,៦៩០ហិកតា គ្របដណ្តប់ភ្នំឡែងកៅ សម្រាប់​ទុកជា​កេរ្តិ៍មរតកមនុស្សគ្រប់ជំនាន់។

ជាមួយគ្នានេះដែរ ជនជាតិដើមភាគតិចព្នង បាននិង​កំពុង​ចូលរួមថែរក្សាការពារព្រៃភ្នំសក្ការៈបូជានេះ សម្រាប់កូនចៅពួកគាត់​គ្រប់​ជំនាន់ និងមានគម្រោងស្នើសុំក្រសួងបរិស្ថានថែរក្សាការពារផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *