
ដោយៈ ទិន សុខាវុធ
មជ្ឍមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា IT ដ៏ទំនើបថ្មីមួយ
របស់វិទ្យាស្ថានជាតិប្រៃសណីយ៍
ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) នឹងត្រូវសាងសង់រួចនៅក្នុងរយពេល
១៨ ខែ ពោលគឺនៅក្នុងឆ្នាំ ២០២១ ខាងមុននេះ។
យោងតាមគេហទំព័ររបស់ NIPTICT កាលពីសប្តាហ៍មុន ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារមជ្ឍមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា IT ថ្មីនេះ ដែលនឹងមានឈ្មោះថា «Tech Center» ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ និងតំណាងរបស់ក្រុមហ៊ុន Metfone ដែលជាដៃគូដ៏សំខាន់មួយក្នុងការផ្តល់ការប្រឹក្សាផ្តល់យោបល់ទាក់ទងនឹងបច្ចេកវិទ្យា IT ។
NIPTICT
បានបន្ថែមទៀតថា មជ្ឍមណ្ឌលបច្ចេកវិទ្យាមួយនេះ បាននិងកំពុងសង់ឡើងដោយប្រើប្រាស់ថវិការបស់មូលនិធិនៃការកសាងសមត្ថភាព
និងការស្រាវជ្រាវអភិវឌ្ឍលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា
«មូលនិធិ ស.អ» ដែលបានមកពីការផ្តល់វិភាគទានពីសំណាក់ប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយ
ដែលច្បាប់តំរូវអោយបង់វិភាគទានចំនួន ១% នៃប្រាក់ចំណូលដុលរបស់ពួកគេ ចូលទៅក្នុងមូលនិធិនេះ។
មជ្ឍមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា IT «Tech Center» នឹងមានកំពស់ ៤ ជាន់ នៅលើផ្ទៃដីទំហំ ៣,៨០០ ម៉ែត្រក្រឡា។ វានឹងក្លាយជាមជ្ឍមណ្ឌលស្រាវជ្រាវឌីជីតល់ ដំបូងគេបង្អស់នៅកម្ពុជា។
យ៉ាងណាម៉ិញ មជ្ឍមណ្ឌលនេះកើតឡើងពីកិច្ចរួមសហការយ៉ាងជិតស្និទ្ធិរវាង NIPITCT ជាមួយនឹងក្រុមហ៊ុន Viettel ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុនសេវាទូរស័ព្ទវៀតណាម Metfone នៅកម្ពុជា។
និយាយអោយចំ មជ្ឍមណ្ឌល «Tech Center» នឹងត្រូវប្រើប្រាស់សំរាប់បណ្តាការស្រាវជ្រាវទាំងឡាយណា ដែលទាក់ទងនឹងវិស័យបញ្ញាសប្បនិម្មិត (AI) វិទ្យាសាស្ត្រទិន្នន័យ (Data Science) ) អ៊ិនធឺណិតនៃវត្ថុ(IoT) បច្ចេកវិទ្យាពពក (Cloud Computing) សុវត្ថិភាពអ៊ិនធឺណិត (Cybersecurity) រដ្ឋាភិបាលឌីជីតល់ (GovTech) បច្ចេកវិទ្យាសម្រាប់អប់រំ (EduTech) បច្ចេកវិទ្យាសម្រាប់កសិកម្ម (AgriTech) បច្ចេកវិទ្យាសម្រាប់ហិរញ្ញវត្ថុ (FinTech) បច្ចេកវិទ្យាសម្រាប់សុខាភិបាល (HealthTech) ជាដើម៕

