We TV Cambodia

មកស្គាល់ផ្កាតំណាងប្រទេសទាំង ១០ ក្នុងតំបន់អាស៊ានដែលអ្នកខ្លះមិនទាន់បានដឹង

មកស្គាល់ផ្កាតំណាងប្រទេសទាំង ១០ ក្នុងតំបន់អាស៊ានដែលអ្នកខ្លះមិនទាន់បានដឹង

ក្នុង​ចំណោម​ប្រទេស​ទាំង​១០ ដែល​សមាជិក​សហគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន សុទ្ធ​តែ​មាន​ផ្កា​តំណាង​ជាតិ​របស់​ខ្លួន ក្រៅ​ពី​ទង់ជាតិ ភ្លេង​ជាតិ សំលៀកបំពាក់ អាហារ ភាសា​ជា​ដើម។

១. ប្រទេស​ថៃ​
ផ្កា​រាជព្រឹក្ស គឺ​ជា​ផ្កា​តំណាង​ជាតិ។ ផ្កា​រាជព្រឹក្ស​មាន​ពណ៌​លឿង​ស្រស់​ស្អាត ជនជាតិ​ថៃ​ចាត់​ទុក​ថា ដើម​រាជព្រឹក្ស​ជា​ដើម​ឈើ​មង្គល ។

២. ប្រទេស​ម៉ាឡេស៊ី
ផ្កា​តំណាង​ជាតិ គឺផ្កា​រំយោល ភាសា​ម៉ាឡេយូ មាន​ន័យ​ថា Bunga raya ផ្កា​រំយោល​បាន​ទទួល​រហស្សនាម​ថា ជា​រាជនី​នៃ​ផ្កា​ក្រុង​ក្ដៅ ជា​តំណាង​ឲ្យ​គោលការណ៍​ទាំង​៥ នៃ​ភាព​ជា​ជាតិ​និយម​របស់ប្រទេស​​ម៉ាឡេស៊ី ។

៣. ប្រទេស​ហ្វីលីពីន
ផ្កា​តំណាង​ជាតិ ផ្កា​ម្លិះ​សាំប៉ាហ្គីតា (Sampaguita Jasmine or arabian Jasmine) មាន​ស្រទាប់​ផ្កា​ពណ៌​ស និង​មាន​ផ្កា​គ្រប់​រដូវ​ពេញ​មួយ​ឆ្នាំ។ ជនជាតិ​ហ្វីលីពីន មាន​ជំនឿ​ថា ផ្កា​ប្រភេទ​នេះ​គឺ​ជា​និមិត្តរូប នៃ​ភាព​បរិសុទ្ធ ភាព​សាមញ្ញ ឱន​លំទោន និង​រឹងមាំ។

៤. ប្រទេស​សិង្ហបុរី
ផ្កា​តំណាង​ជាតិ ផ្កា​អ័រគីដេ Vanda Miss Joaquim ផ្កា​អ័រគីដេ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ ក្នុង​ប្រទេស​សិង្ហបុរី ដោយ​ផ្កា​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​អ្នក​ផ្សាំ​ពូជ​ផ្កា​នេះ គឺ​ Miss Agness Joaquim។

៥. ប្រទេស​ឥណ្ឌូណេស៊ី
ផ្កា​អ័រគីដេរាត្រី ជា​ផ្កា​តំណាង​ជាតិ នៃ​ប្រទេស​មួយ​នេះ។ ផ្កា​មួយ​មែក​អាច​នៅ​បាន​យូរ​ពី​២-៦​ខែ និង​អាច​ធំ​បាន​ល្អ​ក្នុង​អាកាស​ធាតុ​សើម។

៦. ប្រទេស​ប្រ៊ុយណេ
ផ្កា​តំណាង​ជាតិ គឺ​ផ្កា Simpor ដែល​ជា​ផ្កា​ក្នុង​តំបន់ និង​ជា​ផ្កា​ដែល​មាន​ស្រទាប់​ធំៗ​ពណ៌​លឿង។ លក្ខណៈ​ពិសេស​របស់​វា នៅ​ពេល​រីក​អស់​មាន​ទ្រង់ទ្រាយ​ស្រដៀង​នឹង​ឆត្រ ហើយ​អាច​មើល​ឃើញ​តាម​មាត់​ទន្លេ​ទូទៅ​ក្នុង​ប្រទេស​ប្រ៊ុយណេ។

៧. ប្រទេស​វៀតណាម
ផ្កាឈូក គឺ​ជា​ផ្កាតំណាង​ជាតិ។ សម្រាប់​ជនជាតិ​វៀតណាម​ផ្កា​ឈូក គឺជា​និមិត្តរូប​នៃ​ភាព​បរិសុទ្ធ សម្ពន្ធភាព និង​ការ​មើល​ឃើញ​ក្នុង​ផ្លូវ​វិជ្ជមាន។

៨. ប្រទេស​ឡាវ
ផ្កា​តំណាង​ជាតិ គឺ​ផ្កា​ចំប៉ី (Frangipani, Pagoda tree, Temple tree) ជា​និមិត្ត​រូប​ប្រទេស​ឡាវ មាន​ច្រើន​ពណ៌ ដូចជា៖ ពណ៌ស ពណ៌ក្រហម និង​ពណ៌ផ្កាឈូក។ ជា​ផ្កា​តំណាង​ឲ្យ​ភាព​ស្មោះត្រង់ និង​សេចក្ដី​សុខ។

៩. ប្រទេស​មីយ៉ាន់ម៉ា
ផ្កា​តំណាង​ជាតិ គឺ​ផ្កា Padauk ចេញ​ផ្កា​នៅ​រដូវ​ភ្លៀង ដែល​ជា​ពេល​វេលា​ចូល​ឆ្នាំ​ថ្មី​របស់​ប្រទេស​មីយ៉ាន់​ម៉ា។ នៅ​ពេល​ផ្កា​រីក​ដើម​របស់​ផ្កា Padauk នឹង​មាន​ផ្កា​ពណ៌​លឿង​ពេញ​ទាំង​ដើម ដោយ​ជនជាតិ​មីយ៉ាន់​ម៉ា មាន​ជំនឿ​ថា ដើម​របស់​វា ជា​និមិត្តរូប​នៃ​ភាព​រឹងមាំ និង​ភាព​អត់​ធ្មត់។ ផ្កា​ប្រភេទ​នេះ​នៅ​មាន​ន័យ​ចំពោះ​យុវវ័យ និង​ក្ដី​ស្រលាញ់​ទៀត​ផង។

១០. ប្រទេស​កម្ពុជា
ចំពោះ​កម្ពុជា បាន​ជ្រើស​រើស​ផ្កា​រំដួល ជា​ផ្កា​តំណាង​​ជាតិ​។ ជា​ផ្កា​មាន​ពណ៌​ស និង​ពណ៌​លឿង​នៅ​លើ​ផ្កា​តែមួយ ហើយ​ចោល​ក្លិន​ក្រអូប​ប្រហើរ​ ស្រាល​ស្រទន់ នៅ​ពេល​ល្ងាច។ ក្នុង​អតីត​កាល​នៃ​ដែនដី​អច្ឆរិយ​នេះ ក្លិន​ក្រអូប​ផ្កា​រំដួល​ត្រូវ​បាន​ប្រៀប​ប្រដូច​ទៅ​នឹង​ស្ត្រី​ខ្មែរ។ ​

ប្រែសម្រួល៖ គឹមសួ

Related Articles