រាជធានីភ្នំនឹងមានវត្ដមានផ្លូវក្រោមដី ចំនួនបីខ្សែបន្ថែមទៀត ក្នុងតំបន់មានដូចជា នៅចំណុចផ្លូវជាតិលេខមួយ នៅចំនុចផ្លូវសហព័ន្ធរុស្សីត្រង់ វិទ្យាស្ថានភាសាបរទេស(IFL) និងមួយកន្លែងទៀត នៅត្រង់ចំនុច រង្វង់មូល ក្ដាន់ពីរ ក្បែរក្រសួងការពារជាតិ។
យោងតាមការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រោមដីចំនួន ៣ ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និងឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើមករដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលរំដោះចរាចរណ៍ដែលតែងតែកកស្ទះ។
គម្រោងទី១ ត្រង់ចំណុច ឆ្លងកាត់ផ្លូវជាតិលេខ១ ត្រង់ក្រុមហ៊ុនបុរីប៉េងហួត ដែលបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គម្រោងទី២ ផ្លូវក្រោមដី នៅម្ដុំខាងមុខវិទ្យាស្ថានភាសាបរទេស តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី និងគម្រោងទី៣ ស្ថិតនៅម្ដុំទីតាំងក្ដាន់ពីរ ជិតក្រសួងការពារជាតិ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា ចំពោះគម្រោងស្ថាបនាផ្លូវក្រោមដីត្រង់ចំណុចមុខវិទ្យាស្ថានភាសា បរទេស គឺរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ី ដោយតភ្ជាប់ពីផ្លូវលេខ២៧១ ឆ្ពោះចូលទៅក្នុងវិទ្យាស្ថានភាសា បរទេសតែម្ដង ដែលបង្កភាពងាយស្រួលដល់និស្សិតបានចេញ-ចូលមិនប្រឈមនឹងការកកស្ទះ ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។ លោកបានបន្ថែមថា ចំណែកនៅ តំបន់កា្ដន់ពីរវិញ ផ្លូវក្រោមដីនេះ ក៏ត្រូវរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីផងដែរ ដោយភ្ជាប់ពីផ្លូវ១៦៩ ឆ្ពោះទៅផ្លូវបឹងកក ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅតំបន់នេះ។
ដោយ៖ Stince