ផ្នែកនៃរាងកាយ ភ្នែក គឺជាអ្វីដែលយើងខ្វះមិនបាន វាជួយឲ្យយើងមើលឃើញពីអ្វីគ្រប់យ៉ាងដែលកើតឡើងជុំវិញខ្លួនយើង។ មានដឹងទេថា ពេលខ្លះទម្លាប់សាមញ្ញៗ និងសកម្មភាពដែលយើងធ្វើរាល់ថ្ងៃ ក៏ជាចំណែកមួយចូលរួមធ្វើឲ្យសមត្ថភាពភ្នែកចុះខ្សោយដែរ។ ខាងក្រោមនេះជាអ្វីដែលយើងធ្វេសប្រហែស ក្នុងសកម្មភាពប្រចាំថ្ងៃ៖
១. មិនពាក់វ៉ែនតាការពារកម្ដៅថ្ងៃ
បើយើងឲ្យភ្នែកត្រូវកម្ដៅថ្ងៃក្នុងរយៈពេលយូរ វាអាចបណ្ដាលឲ្យរលាកផ្ទៃខាងលើនៃភ្នែក ឬក្នុងករណីកម្រខ្លះ អាចកើតជាមហារីកត្របកភ្នែកទៀតផង។
២. ញីភ្នែក
ស្បែកដែលនៅជុំភ្នែកមានសភាពទន់ ស្ដើង ហើយវាធ្វើឲ្យការញីភ្នែកអាចប៉ះពាល់ដល់សរសៃឈាមតូចៗនៅក្រោមស្បែក និងបណ្ដាលឲ្យភ្នែកខ្មៅ ឬមើលទៅហើម។
៣. គេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់អាចបណ្ដាលឲ្យភ្នែកឡើងក្រហម ភ្នែកខ្មៅ ភ្នែកស្ងួត ញាក់ភ្នែក និងស្រវាំងភ្នែក។ មិនត្រឹមតែប៉ះពាល់ដល់ភ្នែកប៉ុណ្ណោះទេ ការគេងមិនគ្រប់គ្រាន់ក៏អាចប៉ះពាល់ដល់ផ្នែកសុខភាពទូទៅរបស់យើងបានដែរ។
៤. មានរបបអាហារមិនល្អ
បើយើងមិនញ៉ាំបន្លែ ឬផ្លែឈើគ្រប់គ្រាន់ក្នុងរបបអាហារប្រចាំថ្ងៃ មានន័យថា យើងទទួលបានវីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមផ្សេងទៀតមិនគ្រប់គ្រាន់សម្រាប់សុខភាពភ្នែក។
ទន្ទឹមគ្នានិងនេះផងដែរ ការញ៉ាំទឹកមិនគ្រប់គ្រាន់ ឬញ៉ាំអាហារមានជាតិសូដ្យូមខ្ពស់ អាចធ្វើឲ្យរាងកាយខ្សោះជាតិទឹក ជាហេតុបណ្ដាលឲ្យភ្នែកស្ងួត ផលិតទឹកភ្នែកមិនគ្រប់គ្រាន់ ដើម្បីផ្ដល់សំណើមដល់ភ្នែក។
អត្ថបទដោយ៖ ពិសី
