
ភ្នំពេញ៖ វិស័យទេសចរណ៍នៅកម្ពុជា បច្ចុប្បន្នមានការថយចុះ គ្រប់ទីកន្លែង ជាពិសេសតំបន់ទេសចរណ៍ ធំៗ ទូទាំងប្រទេស មានដូចជា ក្រុងព្រះសីហនុ ខេត្ដសៀមរាប ខេត្ដកែប កំពត និង ភ្នំពេញជាដើម ជាហេតុធ្វើឲ្យមានការធ្លាក់ចុះ ចំណូលថវិការជាតិផងដែរ។
យ៉ាងណាមិញបើយោងតាមការចុះផ្សាយ លើផេកហ្វេសប៊ុកជាផ្លូវការរបស់ ក្រសួងទេសចរណ៍បានឲ្យដឹងថា ភ្ញៀវទេចរនៅកម្ពុជាមានការធ្លាក់ចុះប្រហែលជា ១៥% ប៉ុណ្ណោះក្នុងរយៈពេល២ខែ គិតត្រឹមតែដើមឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ទិត ចន្ថា បានកត់សម្គាល់ថា បើទោះបីចំនួនភ្ញៀវទេសចរបរទេស ដែលចូលមកទស្សនានៅប្រទេសកម្ពុជា មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្ដែសកម្មភាព និងគោលដៅទេសចរណ៍ទាំងអស់នៅរស់រវើក។ លោកចាត់ទុកថា ក្នុងអំឡុងពេលនៃធ្លាក់ចុះនេះ ក៏ជាឱកាសសម្រាប់ឲ្យកម្ពុជា ដើម្បីរៀបចំគោលដៅទេសចរណ៍ កាន់តែល្អបន្ថែមទៀតផងដែរ។
ឯកឧត្តមបានបញ្ជាក់ទៀតថា វិធានការចំពោះមុខនៅពេលនេះ គឺជួយសម្រាលនូវអ្វីដែលបានជួបប្រទៈ ខណៈដែលក្រសួងមិនទាន់អាចសន្និដ្ឋានបានថា នឹងជួយជំរុញកំណើនទេសចរណ៍នៅឆ្នាំ២០២០ ឲ្យឡើងខ្ពស់នោះទេ ព្រោះបច្ចុប្បន្នដោយសារវីរុសកូរ៉ូណា បានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារទេសចរណ៍ធំសម្រាប់កម្ពុជា គឺប្រទេសចិន។
អត្ថបទដោយ៖ Stince
