យោងតាមការលើកឡើងរបស់ អាជ្ញាធរ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ភ្ញៀវទេសចរចាប់ផ្តើមទៅលេងខេត្តមណ្ឌលគិរីជាបណ្តើរៗហើយនារដូវវស្សានេះ ពិព្រោះតែក្នុងរដូវនេះទេសភាព បែបធម្មជាតិព្រៃឈើ ក៏មានសភាពស្រស់បំព្រម រឹតតែស្រស់ស្អាត ស្របពេលដែលស្ថានភាពនៃវីរុសកូវីដ១៩ មានភាពធូរស្បើយទៅហើយដែរ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ខេត្តមណ្ឌលគិរីជាខេត្តមួយដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ មិនថារដូវប្រាំង រដូវរំហើយ ឫរដូវវស្សានោះទេ កំណើននៃភ្ញៀវទេសចរពិតជាមានលំហូរជាប្រចាំសម្រាប់ខេត្តមួយនេះ។ ស្ថិតក្នុងរដូវវស្សាវិញ ធម្មជាតិព្រៃភ្នំមានភាពស្រសបំព្រងខៀវស្រងាត់ខ្យល់អាកាសល្អប្លែក ដែលធ្វើឲ្យភ្ញៀវទេសចរគ្រប់ចម្រុះជាតិសាសន៏ជក់ចិត្ត ចាប់អារម្មណ៌ពិសេសចំពោះភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលពុំធ្លាប់បានមកដល់ទឹកដីខេត្តមណ្ឌលគិរី គ្រាន់តែឃើញទេសភាពនៃធម្មជាតិដ៏ស្រស់បំព្រង រួមផ្សំជាមួយនិងក្លិនផ្កាស្មៅភ្នំ នៅតាមដងផ្លូវ រួមជាមួយអាកាសធាតុត្រជាក់គ្រប់រដូវកាលពិតជាបាននាំអារម្មណ៍អោយមានភាព រំភើបរីករាយដោយមិននឹកស្មាន ។
ក្រៅពីទស្សនាធម្មជាតិនារដូវវស្សាអ្នកទេសចរក៏អាចធ្វើដំណើរកម្សាន្តតាមតំបន់រម្មណីដ្ឋានជាច្រើនកន្លែងដូចជាទឹកធ្លាក់ប៊ូស្រា ទឹកធ្លាក់លែងអនលែងឃិន រម្មណីយដ្ឋានចំការការហ្វេ រម្មណីយដ្ឋាន អូរមីស ទឹកធ្លាក់ដំណាក់ស្តេច សួនអភិរក្សសត្វព្រៃពេជ្រាដា ទឹកធ្លាក់ជ្រៃធំ រួមជាមួយតំបន់អភិរក្សព្រៃឈើ ទឹកធ្លាក់កំបាំងខ្លួនក្នុងព្រៃប្រឹក្សាជាច្រើនកន្លែងទៀតដែលសុទ្ធសឹងជាភាពទាក់ទាញខ្លាំងនារដូវវស្សា ។
សក្តានុពលផ្នែកទេសចរណ៍នេះក៏យើងមានតំបន់រមណីយដ្ឋាននានាមួយចំនួនដូចជាទឹកជ្រោះប៊ូស្រា ទឹកជ្រោះដំណាក់ស្ដេចទឹកជ្រោះអូរតាំងឡាំង ទឹកជ្រោះក្បាលព្រះ ទឹកជ្រោះរមនាមួយ រមនាពីរហើយនិងទឹកជ្រោះដទៃទៀតជាភាពទាក់ទាញនូវភ្ញៀវទេសចរដែលធ្វើឲ្យគាត់មកទស្សនាកម្សាន្តនៅទីនេះគួបផ្សុំនិងកត្តាអាកាសធាតុត្រជាក់ទៀតមានវាលស្មៅមានព្រៃតំបន់ខ្ពង់រាបចឹងទៅវាជាទេសភាពមួយប្លែកពីបណ្តាខេត្តក្រោមធ្វើឲ្យធ្វើទេសចរជាតិនិងអន្តរជាតិមកទស្សនាកំសាន្តលេងនៅទីនេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩កន្លងទៅភ្ញៀវទេសចរចូលមកកម្សាន្តខេត្តមណ្ឌលគិរីសរុបជាង២៧ម៉ឺននាក់ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ៣០ភាគរយ។