កម្ពុជា គួជាទីភ្ញាក់ផ្អើលជាខ្លាំង ដែលមានផលិតផល ធាតុដើមត្រូវបាននាំចេញ រាប់ម៉ឺនតោន ខណៈដែលតម្រូវការក្នុងស្រុកមិនបានចាប់អារម្មណ៍ បែជាត្រូវនាំចូលពីប្រទេសក្រៅមកវិញ។ យ៉ាងណាវិញ សម្រាប់ទិន្នផលនេសាទ ដូចជាគ្រំចំពុះទា ដែលប្រជានេសាទរស់នៅក្នុងខេត្ដកោះកុងអាចចិញ្ចឹមប្រមូលផលបានយ៉ាងច្រើន ហើយត្រូវបាននាំចេញទៅបណ្ដាប្រទេសជិតខាង រាប់ម៉ឺនតោន ក្នុងមួយឆ្នាំៗ ប៉ុន្ដែត្រូវការក្នុងស្រុក ត្រូវបាននាំចូលពីក្រៅមកវិញ តាមបណ្ដាសណ្ឋាគាធំៗ ភោជនីយដ្ឋានធំៗ ហើយតម្លៃវិញ ក៏មិនថោកនោះដែរ។ តួយ៉ាង យោងតាមការធ្វើដំណើរទស្សនកិច្ចពេញមួយថ្ងៃ ក្រុមចុងភៅ ប្រចាំសណ្ឋានគារ ឡឺរ៉ូយ៉ាល់ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលបន្ទាប់ពីបានមើលឃើញដោយផ្ទាល់នូវការចិញ្ចឹមគ្រំចំពុះទានេះ ដោយអះអាងថា លោកមិននឹកស្មានទេ ប្រទេសកម្ពុជាយើងមានប្រភេទគ្រំនេះ ព្រោះរាល់មុខម្ហូបដែលពួកខ្លួនធ្វើពីគ្រំនេះ គឺសុទ្ធតែនាំចូលពីទេសទាំងអស់។
ក្រុមចុងភៅ ប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ បានបន្តថា សម្រាប់ការចិញ្ចឹមគ្រំនេះទៀតសោធ គឺមានទំហំធាត់ល្អ ហើយគុណភាពវិញមិនចាញ់គ្រំណែនាំចូលពីបរទេសប៉ុន្មាននោះទេ។ បច្ចុប្បន្ននេះកម្ពុជា មានរបស់ខ្លួនហើយក៏ប៉ុន្តែមិនទាន់មានការច្នៃប្រឌិត ដូច្នេះ ប្រសិនយកគ្រំចំពុះទានេះទៅច្នៃជាម្ហូបអឺរ៉ុបវិញ គឺរឹតតែមានឱជារស និងមានតម្លៃ។ មុខម្ហូបដែលច្នៃពីគ្រំចំពុះទានេះ មានតម្លៃជាង១០ដុល្លារ និងមានគ្រំតែ៥ ឬ៦គ្រាប់តែប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដម សាយ សំអាល់ បានឱ្យដឹងថា ដោយសារតែមើលឃើញសណ្ឋាគារ ភោជនីយើដ្ឋានធំៗ នៅក្នុងប្រទេសកម្ពុជា នាំចូលគ្រំចំពុះទាពីបរទេស ដើម្បីច្នៃធ្វើមុខម្ហូបផ្សេងៗ និងមានតម្លៃថ្លៃនោះទើបលោករដ្ឋមន្ត្រីបានគិតគូពីការពង្រឹងជីវភាពដល់សហគមន៍ ព្រមទាំងចាត់មន្ត្រីឱ្យសហការជាមួយបណ្តាសណ្ឋាគារ និងភោជនីយដ្ឋានធំៗ ដើម្បីរក្សាទីផ្សារជូនដល់ប្រជាសហគមន៍ពាមក្រសោបនេះ។ ឯកឧត្ដម ក៏បានអញ្ជើញចុងភៅប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ ដើម្បីឱ្យពួកគាត់បានឃើញដោយផ្ទាល់ការចិញ្ចឹមគ្រំចំពុះទា របស់បងប្អូនប្រជាសហគមន៍។
ដោយ៖ Stince
