We TV Cambodia

ភាសាអង់គ្លេស នៅតែជាបញ្ហាចោទសម្រាប់សិស្សមកពីជនបទ

ភាសាអង់គ្លេស នៅតែជាបញ្ហាចោទសម្រាប់សិស្សមកពីជនបទ

ជារៀងរាល់ឆ្នាំមានសិស្សដែលទើបនឹងបញ្ចប់ថ្នាក់ទី១២ រាប់ម៉ឺននាក់បានសម្រេចឡើងមកភ្នំពេញ ដើម្បីរៀនបន្តថ្នាក់បរិញ្ញាបត្រ និងក្រេបយកចំណេះដឹង និងជំនាញ​ ដើម្បីមានការងារជាក់ច្បាស់លាស់មួយសម្រាប់អនាគតរបស់ខ្លួន ឬធ្វើការងារផ្សេងៗតាមក្ដីស្រមៃរបស់ខ្លួនជាដើម។

ការឡើងមករៀននៅទីក្រុងភ្នំពេញ គឺមានឧបសគ្គ និងបញ្ហាជាច្រើនសម្រាប់និស្សិតដែលមករៀនបន្ត ទាំងការហូបចុក, ស្នាក់នៅ, ការចាយវាយ ពិសេសគឺភាសាអង់គ្លេសតែម្ដង ដែលវាបានចោទជាបញ្ហាខ្លាំងសម្រាប់សិស្ស ដែលមកពីទីជនបទ ព្រោះសិស្សស្ទើរតែទាំងអស់នៅទីជនបទមិនបានទទួលការសិក្សាភាសាអង់គ្លេសបានល្អនោះទេ ហើយអ្នកខ្លះអាចនឹងមិនដែលស្គាល់សោះតែម្ដងក៏មាន ខណៈដែលភាគច្រើននៃកម្មវិធីសិក្សានៅសាកលវិទ្យាបានប្រើប្រាស់ភាសាអង់គ្លេស។

ការបង្រៀននៅកម្ពុជា (ប្រភព៖ room to road)

មួយវិញទៀត ថ្វីត្បិតថាភ្នំពេញជាទីកន្លែងដែលសម្បូរទៅដោយសាលារៀនគ្រប់ភាសា រួមទាំងអង់គ្លេសផងក៏ពិតមែន ប៉ុន្តែសាលាបង្រៀនភាសាអង់គ្លេសភាគច្រើនមានតម្លៃសិក្សាថ្លៃ ហើយក៏មានដែរ សាលាដែលបង់ថ្លៃសិក្សាទាប ប៉ុន្តែចំពោះគុណភាពវិញ អាចនិយាយបានថាមិនគ្រប់គ្រាន់សម្រាប់ប្រើប្រាស់បាននៅសាកលវិទ្យាល័យនោះទេ។

មិនតែប៉ុណ្ណោះ កិច្ចសាលាស្ទើរតែ១០០% ទាមទារឲ្យមានការស្រាវជ្រាវនៅលើអ៊ីនធឺណេត ដែលនេះទាមទារឲ្យសិស្សមានការយល់ដឹងពីភាសាអង់គ្លេស ដើម្បីមានភាពងាយស្រួលក្នុងការស្វែងរកឯកសាដែលខ្លួនចង់បាន ហើយនេះជាបញ្ហាសម្រាប់សិស្សដែលពូកែផ្នែកផ្សេងៗ ប៉ុន្តែខ្សោយភាសាអង់គ្លេសបានបាត់បងនូវការបញ្ចេញសមត្ថភាពរបស់ខ្លួន។

ការបង្រៀននៅកម្ពុជា (ប្រភព៖ internet)

សូមបញ្ជាក់ថា ទោះបីនេះជាបញ្ហាចោទសម្រាប់និស្សិតភាគច្រើនក៏ពិតមែន ប៉ុន្តែក៏មានអ្នកដែលបានខិតខំប្រឹងប្រែងក្នុងការសិក្សាភាសាអង់គ្លេសរហូតទទួលបានជោគជ័យផងដែរ ទោះបីខ្លួនមិនបានរៀនពីមុនមកក៏ដោយ។

អត្ថបទដោយ៖ Nevin

Related Articles