ភ្នំពេញ៖ ស្របពេលដែលស្ថានភាពនៃជំងឺរាតត្បាតក្នុងប្រទេសកម្ពុជាកាន់តែច្រើនតែច្រើន អ្នកជំនាញមើលឃើញថា ស្ថានភាពនៃការសាងសង់ និង ការទិញលក់ អចលនទ្រព្យមានមានថមថយ និងធ្លាក់ចុះបន្តិច។ ដោយឡែក ការសាងសង់វិញមានផ្អាកបណ្តោះអាសន្នសិន។ អ្នកជំនាញថា បើស្ថាការណ៍បែបនេះកាន់តែអូសបន្លាយកាន់តែខ្លាំងនោះ និងរងផលប៉ះពាល់កាន់តែខ្លាំង។
លោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 Fortuna Investment មានប្រសាសន៍ឱ្យដឹងថា ការសាងសង់អគារតូចធំនៅពេលកន្លងមកមិនទាន់ឃើញមានការកាត់បន្ថយប៉ុន្មានទេ ដោយអត់ទាន់ឃើញមានរងឥទ្ធិពលពីវីរុសកូរ៉ូណា។ ប៉ុន្តែឥឡូវនេះចំពោះការទិញ-លក់វាហាក់ដូចមានការកាត់បន្ថយខ្លះៗ ។
បើទោះបីមិនអាចបង្ហាញការវាយតម្លៃពីផលប៉ះពាល់មានទំហំប៉ុណ្ណានៅក្នុងវិស័យសំណង់និងអចលនទ្រព្យបានក្នុងអន្តរកាលខ្លីនេះបាន តែអ្នកជំនាញរូបនេះមើលឃើញថាបើ Covid-19នេះ មានការគ្រប់គ្រងបានក្នុងរយៈពេលណាមួយណាមួយ នោះវិស័យសំណង់និងអចលនទ្រព្យអាចវិលរកភាពប្រសើរឡើងវិញនៅកន្លះឆ្នាំក្រោយ ខណៈគម្រោងធំៗអ្នកទិញភាគច្រើនជាជនជាតិចិននិងអ្នកទេសចរណ៍ចិន។ លោកបានបន្តថា « មកទល់សព្វថ្ងៃនេះយើងមិនទាន់អាចព្យាការណ៍ដឹងថាវិស័យសំណង់កម្ពុជាប៉ះពាល់កម្រិតណាទេ ព្រោះមូលហេតុវាទើបចាប់ផ្តើមកើតឡើងរង់ចាំមើលបន្តិចទៀត ។ ប៉ុន្តែបើវា (បញ្ហាវីរុសកូរ៉ូណា) ត្រូវពេលយូរទៀតនោះ វាអាចនឹងប៉ះពាល់គួរសមដែរ ។ តែបើនៅពេលខ្លីខាងមុខនេះគេអាចគ្រប់គ្រងស្ថានភាពជំងឺនេះបាននោះស្ថានការណ៍អាចនឹងវិលត្រឡប់មកវិញក្នុងរយៈពេលកន្លះឆ្នាំបន្ទាប់»។
លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបីយកម្មនិងសំណង់មានប្រសាសន៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០របស់សមាគមអ្នកអភិវឌ្ឍលំនៅស្ថានកម្ពុជាថា «កំណើនសេដ្ឋកិច្ចជាតិបានកើនឡើងក្នុងរង្វង់៧,១%ក្នុងមួយឆ្នាំនិងអាចនិយាយបានថាវិស័យអចលនវត្ថុជាវិស័យមួយដែលជំរុញសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០១៩នេះដោយក្នុងនោះយើងឃើញថាការវិនិយោគលើវិស័យនេះក្នុងព្រះ រាជាណាចក្រកម្ពុជាមានរហូតដល់១១.០០០លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ បើប្រៀប ធៀបនឹងឆ្នាំ២០១៨គឺមានតែ៥៥០០លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះគឺមានការកើនឡើងរហូតដល់៩០%»៕
អត្ថបទ៖ ឧត្តម