We TV Cambodia

ភាពជាអ្នកដឹកនាំ ដែលអ្នកគួររៀនពីសត្វឥន្ទ្រី

ភាពជាអ្នកដឹកនាំ ដែលអ្នកគួររៀនពីសត្វឥន្ទ្រី

ដោយ៖​ស្រីពេជ្រ

សត្វឥន្រ្ទី

អ្នកប្រហែលជាមិនធ្លាប់បានឃើញសត្វឥន្ទ្រីផ្ទាល់ភ្នែកទេ ប៉ុន្តែអ្នកប្រហែលជាដឹងថាសត្វប្រភេទនេះគឺហោះតែឯង និងរយៈកម្ពស់ផុតគេ។ សត្វឥន្ទ្រីមិនហើរជាមួយសត្វស្លាបតូចៗ ដូចជាកូនចាប ឬសត្វផ្សេងៗទៀតទេ។មេរៀនដែលយើងគួរជៀសវាងគឺ ត្រូវជៀសពីមនុស្សដែលមានគំនិតចង្អៀតចង្អល់ ដែលជាហេតុនាំអ្នកធ្លាក់មកទីទាប ប្រៀបបាននិងសត្វឥន្រ្ទីគឺមិនដែលហើរជាមួយសត្វស្លាបតូចៗនោះទេ។

តាមការពិតទៅ សត្វឥន្ទ្រីមានចក្ខុវិស័យដ៏អស្ចារ្យ និងត្រឹមត្រូវ។ ឥន្ទ្រីមានទស្សនីយភាពដ៏អស្ចារ្យ ពួកវាអាចផ្តោតទៅរកគោលដៅដែលមានចម្ងាយ ៥ គីឡូម៉ែត្រពីលើមេឃ។ ពួកវាមានគោលដៅច្បាស់លាស់ដែលកម្រដៅខុសគោលដៅណាស់ ។ ចំពោះមេរៀនដែលយើងទទួលបាននោះ គឺត្រូវមានការផ្តោតអារម្មណ៍ច្បាស់លាស់នៅក្នុងជីវិត និងចក្ខុវិស័យដែលយើងមានបំណងនិងដៅទុករួចមកហើយ។ ជីវិតម្នាក់ៗនឹងមានឧបសគ្គជាច្រើនរាប់មិនអស់ គ្រាន់តែរឿងខ្លះងាយៗ រឿងខ្លះចាក់ជ្រៅពិបាកដោះស្រាយ។ តែទោះជាយ៉ាងណា​ អ្នកគួរ​កុំបោះបង់ចោលបេសកកម្មរបស់អ្នក ដើម្បីបន្តក្ដីសុបិន និងឆ្ពោះទៅរកគោលដៅពិតប្រាកដ។

បើនិយាយពីការរកចំណី សត្វឥន្ទ្រីគឺស៊ីចំណីស្រស់ៗ។​ ដូចនេះ អ្វីដែលអ្នកត្រូវរៀនពីឥន្រ្ទីនោះគឺអ្នកត្រូវចេញអោយផុតពីអតីតកាលរបស់អ្នក ព្រោះថាអតីតកាលអ្នកវានឹងរំខានបច្ចុប្បន្នរបស់អ្នក ហើយបើអ្នកនៅតែស្ដាយស្រណោះ គឺអ្នកមុជមិនជ្រៅទៅមិនឆ្ងាយឡើយ។

ម្យ៉ាងទៀត អ្នកកុំជឿជាក់លើពាក្យថា «សំណាង» ព្រោះសត្វឥន្រ្ទីមិនដែលរកចំណីតាមរយៈសំណាងទេ អ្នកក៏ដូចគ្នា បើចង់ជោគជ័យមិនត្រូវពឹងលើ ភ័ព្វសំណាង នោះទេ ត្រូវតែពឹង និងជឿជាក់លើការខិតខំប្រឹងប្រែងពិតៗ។

ក្នុងនោះដែរ អ្នកត្រូវបន្តស្វែងយល់ពីការយល់ដឹងថ្មី មធ្យោបាយថ្មីៗដើម្បីដោះស្រាយបញ្ហា។ ខុសពីសត្វដទៃទៀត ឥន្ទ្រីគឺចូលចិត្តព្យុះ ដូចគ្នាផងដែរ អ្នកត្រូវតែភ្ជាប់ចំណុចដែលកំពុងដំណើរការទៅមុខជានិច្ចទោះបីអ្នកប្រឈមនឹងបញ្ហាក៏ដោយ អ្នកត្រូវមានជំនឿថាការប្រកួតប្រជែងនឹងធ្វើឱ្យអ្នកកាន់តែរឹងមាំ ហើយអ្នកនឹងទទួលបានបទពិសោធថ្មីៗក្នុងជីវិត។ ដូចគ្នាផងដែរ អ្នកត្រូវចាំថាម្ចាស់ជើងឯកពិតប្រាកដមិនដែលខ្លាច ឬគេចចេញពីបញ្ហាប្រឈមឡើយ។

 

ចំណុចមួយទៀត ដែលគួរអោយចាប់អារម្មណ៍នោះគឺនៅពេលសត្វឥន្ទ្រីចាស់ទៅ  វាតែងជំរុះរោមចាស់ៗរបស់វាចោល ដូចគ្នានិងមនុស្សយើង គឺយើងត្រូវធ្វើការសម្រេចចិត្តដ៏លំបាកនៅក្នុងជីវិតរបស់យើងដើម្បីរស់នៅ ហើយជំរុះរឿងមិនល្អចេញពីជិវិត ព្រោះការសម្រេចចិត្តទាំងនោះអាចឈឺចាប់មួយរយៈពេល ប៉ុន្តែភាពឈឺចាប់ និងសេចក្ដីលំបាក នឹងជួយអ្នកដើម្បីភាពជោគជ័យទៅថ្ងៃមុខ៕

 

Related Articles