We TV Cambodia

ភាពចន្លោះប្រហោងរបស់ Google Drive អាចឱ្យជនអនាមិក ចែកចាយឯកសារដែលមានមេរោគ

ភាពចន្លោះប្រហោងរបស់ Google Drive អាចឱ្យជនអនាមិក ចែកចាយឯកសារដែលមានមេរោគ

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ភាពចន្លោះប្រហោងនៃផ្នែកសុវត្ថិភាពរបស់ Google Drive អាចឱ្យជនអនាមិក ចែកចាយឯកសារដែលមានមេរោគ តែគេអាចបន្លំជាឯកសារ ឬរូបភាពដែលមានភាពត្រឹមត្រូវ។ ការវាយប្រហារនេះធ្វើឡើងតាមរយៈមុខងារ Manage Versions ដែលអាចឱ្យអ្នកប្រើប្រាស់ដាក់បញ្ចូល (upload) ឯកសារ ដែលមានប្រភេទ extension ផ្សេងៗគ្នាដូចជា .docx .xlsx .jpg .png ជាដើម ហើយអ្នកប្រើប្រាស់ក៏អាចធ្វើបច្ចុប្បន្នភាពចំពោះឯកសារទាំងនោះដោយដាក់បញ្ចូលឯកសារថ្មី។

ជាមួយគ្នានេះដែរ អ្វីដែលជាភាពចន្លោះប្រហោងនោះគឺមុខងារនេះអាចឱ្យអ្នកប្រើប្រាស់ បញ្ចូលឯកសារថ្មីដែលជាប្រភេទខុសពីឯកសារដើម មិនត្រឹមតែប៉ុណ្ណោះ វាក៏មិនធ្វើការរាំងខ្ទប់ឯកសារដែលមានមេរោគនោះផង។ ម្យ៉ាងវិញទៀតនៅពេលដែល លោកអ្នកប្រើកម្មវិធី Google Chrome ដើម្បីទាញយកឯកសារទាំងនោះ Chrome នឹងធ្វើការទាញយកឯកសារនោះជាធម្មតា ដោយសារឯកសារនោះគឺជាឯកសារមកពី Google Drive ទោះជាកម្មវិធីកម្ចាត់មេរោគផ្សេងទៀតបានរកឃើញថាមាន Malware នៅក្នុងឯកសារនោះក៏ដោយ។

គួរបញ្ជាក់ដែរថា បញ្ហានេះមិនមែនជាបញ្ហាថ្មីសន្លាងនោះទេ ហើយក្រុមហ៊ុន Google ក៏បានដឹងអំពីបញ្ហានេះផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់បានធ្វើការកែតម្រូវចំពោះភាពចន្លោះប្រហោងនេះនៅឡើយទេ។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តប្រើ Google Drive ដើម្បីទាញយកឯកសារនោះ សូមមានការប្រុងប្រយ័ត្ន ពិនិត្យមើលប្រភេទឯកសារឱ្យបានត្រឹមត្រូវមុននឹងធ្វើការទាញយក ដើម្បីចៀសវាងទាញយកឯកសារដែលមានមេរោគ Malware នោះ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​

 

Related Articles