យោងតាមសេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំង ព្រះមហាក្សត្រម៉ាឡេស៊ីព្រះចៅ ស៊ុលតង់ អាប់ឌុលឡា (Al-Sultan Abdulah) បានសម្រេចព្រះរាជហទ័យដាក់ប្រទេសម៉ាឡេស៊ីក្នុងគ្រាអាសន្ននៅថ្ងៃអង្គារនេះ ដើម្បីជាយន្តការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។
ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ០១ ខែ សីហា ឬក៏អាចឆាប់ជាងនេះអាស្រ័យទៅលើស្ថានភាពនៃជំងឺកូវីដ១៩។ ទន្ទឹមនឹងនោះ ព្រះមហាក្សត្រក៏បានអនុញ្ញាតទៅតាមសំណើរបស់រដ្ឋាភិបាល ដែលបានស្នើសុំបង្កើតគណៈកម្មាធិការឯករាជ្យមួយដែលមានសមាសភាពចម្រុះរួមមាន សមាជិករដ្ឋាភិបាល សមាជិកសភាមកពីគណបក្សប្រឆាំង ក៏ដូចជាអ្នកជំនាញខាងសុខាភិបាលផងដែរ ក្នុងការទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ ១៩។
គួរជម្រាបផងដែរថា មកទល់ពេលនេះ ម៉ាឡេស៊ីមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៣៨,២២៤ ករណី ស្លាប់ ៥៥៥ ករណី និងជាសះស្បើយចំនួន ១០៩,១១៥ ករណីហើយ។
អត្ថបទដោយ៖ ពិសី
