
ដោយៈ ទិន សុខាវុធ
ព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀត ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ហើយ ក្នុងទឹកដីនៃខេត្តកណ្តាលនិងខេត្តតាកែវ នៅក្រោមទុនវិនិយោគប្រមាណជា $1,500 លានដុល្លារ។ ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គ្រោងនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៣ ។
លោកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា (OCIC) បានថ្លែងអោយដឹងថា ការសាងសង់ព្រលានយន្តហោះនេះ បានដំណើរការទៅបានល្អ ដោយក្រុមហ៊ុនរបស់លោកមិនសូវជាបានជួបនឹងបញ្ហាដីធ្លីជាមួយនឹងប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះប៉ុន្មានទេ។
ព្រលានយន្តហោះថ្មីនេះ ជាគំរោងវិនិយោគរួមគ្នា រវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC ដោយរាជរដ្ឋាភិបាលកាន់កាប់ភាគហ៊ុនប្រមាណ ១០ ភាគរយ ហើយក្រុមហ៊ុន OCIC កាន់កាប់ភាគហ៊ុន ៩០ ភាគរយ។ នៅក្នុងទុនវិនិយោគប្រមាណ $1,500 លានដុល្លារនោះ $1,100 លានដុល្លារ ជាកំចីពីធនាគារបរទេស $280 លានដុល្លារទៀត ជាទុនវិនិយោគរបស់ OCIC និង $280 លានដុល្លារទៀតជាដើមទុនចុះបញ្ជី។
យោងតាមរាជរដ្ឋាភិបាល ព្រលានយន្តហោះថ្មីនេះ ត្រូវសង់ឡើងនៅផ្ទៃដីទំហំប្រមាណជា ២,៦០០ ហិកតា ដែលជាដីស្ថិតក្នុងក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹងក្នុងខេត្តកណ្តាល ហើយក៏អាចប៉ះពាល់ផងដែរដល់តំបន់មូយចំនួនស្ថិតក្នុងស្រុកបាទីក្នុងខេត្តតាកែវ។
យោងតាមលោកឧកញ៉ា ពុង ឃាវសែ ព្រលានយន្តហោះថ្មីនេះ ស្ថិតក្នុងប្រភេទ 4F ដែលជាប្រភេទព្រលានយន្តហោះខ្នាតធំ ដែលអាចអនុញ្ញាតអោយយន្តហោះធុនធំហោះឆ្លងទ្វីបដូចជាយន្តហោះប្រភេទ Airbus A380-800 និង យន្តហោះ Boeing 747-800 អាចចុះចតនៅលើនោះបានដោយគ្មានបញ្ហាអ្វីឡើយ៕

