
ភ្នំពេញ៖ ក្រុមហ៊ុនរចនាប្លង់ស្ថាបត្យកម្មដ៏ល្បីរបស់់អង់គ្លេសទទួលបានសិទ្ឋរចនាប្លង់ ព្រលានយន្តហោះភ្នំពេញថ្មី ដែលមានតម្លៃវិនិយោគប្រមាណ១៥០០លានដុល្លារអាមេរិក។
ក្រុមហ៊ុនរចនាប្លង់ដ៏ធំ និងល្បីល្បាញនៅប្រទេសអង់គ្លេស Foster & Partners ត្រូវបានជ្រើសរើសឲ្យក្លាយជាអ្នករចនាប្លង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដោយក្រុមហ៊ុនទទួលសិទ្ទក្នុងការសាងសង់ព្រលាន្តយន្តហោះនេះ មានដើមកំណើតនៅប្រទេសអង់គ្លេសចាប់តាំងពីឆ្នាំ១៩៦៧ ហើយជាក្រុមហ៊ុនដែលបានរចនាអគារល្បីៗជាច្រើន ដូចជាអគារដ៏ស្រស់ស្អាត Queen Elizabeth II Great Court និង Bloomberg London ជាដើម។
សូមជម្រាបថា ព្រលាន្តយន្តហោះដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជានឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ២៦០០ហិកតា និងជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលស្ថិតនៅខេត្តកណ្តាល និងតាកែវ ជាពិសេស គ្រោងនិង និងបញ្ចប់ដំណាក់កាលទី១របស់ខ្លួននៅក្នុងឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការអោយដឹងពីម្ចាស់គម្រោងសាងសង់ព្រលាន្តយន្តហោះអន្តរជាតិភ្នំពេញថ្មី។
អ្នកឧកញ៉ា ពុង ឃាវសែម្ចាស់គម្រោង(OCIC) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប បានបញ្ជាក់ទៀតថា “ក្រុមហ៊ុន នឹងជ្រើសរើសក្រុមហ៊ុនបរទេសមួយចំនួន រួមជាមួយនឹងការប្រើប្រាស់ធនធានបច្ចេកទេស និងបទពិសោធន៍របស់ក្រុមហ៊ុនOCIC ផ្ទាល់។ នេះគឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់គម្រោងមួយនេះ”។ ជាពិសេស ទិសដៅ នៃសាងសង់អាកាសយានដ្ឋានថ្មី ដើម្បីជួយលើកកម្ពស់ដល់វិស័យសំណង់ ដោយនាំយកនូវបច្ចេកទេសថ្មីៗទំនើបៗមកអនុវត្តន៍ ដែលជាកត្តានាំឲ្យវិស័យសំណង់នៅកម្ពុជា កាន់តែមានភាពរីកចម្រើន ដើរទាន់ពិភពលោក។
លោក បានបន្តថា៖ « ព្រលានយន្តហោះភ្នំពេញថ្មី នឹងលើកមុខមាត់ដល់ប្រទេសកម្ពុជា ទាំងក្នុងវិស័យអាកាសចរណ៍ ទាំងក្នុងវិស័យពាក់ព័ន្ធនានា និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ»។
សូមបញ្ជាក់ថា អាកាសយានដ្ឋានថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំងរបស់ប្រទេសចិន។ នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះ នឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយព្រមទាំងមានសមត្ថភាពទទួលអ្នកដំណើរចំនួន២៧លាននាក់ នៅឆ្នាំ ២០៣០ ហើយនៅឆ្នាំ២០៥០ វានឹងអាចផ្ទុកអ្នកដំណើររហូតដល់៣០លាននាក់ស្របតាមផែនការមេ៕
