
ដោយៈ ទិន សុខាវុធ
លោក WANG CHAO អនុប្រធានក្រុមហ៊ុន Union Development Group (UDG) បានអោយដឹងថា ក្រុមហ៊ុនរបស់លោកគ្រោងបញ្ចប់ការសាងសង់ព្រលានយន្តហោះនៅក្នុងខេត្ត កោះកុង នៅត្រឹមខែ ឧសភា ឆ្នាំ ២០២០ ហើយការហោះហើរសាកល្បងជាលើកដំបូង ក៏នឹងត្រូវធ្វើឡើងនៅក្នុងខែ តុលា ឆ្នាំ ២០២០ ខាងមុខនេះដែរ។
លោកបានបន្ថែមថា នៅពេលព្រលានត្រូវបានសាងសង់រួច ក្រុមហ៊ុនរបស់លោកនឹងធ្វើការបណ្តុះបណ្តាលជំនាញទាក់ទងនឹងព្រលានយន្តហោះ អោយដល់ប្រជាពលរដ្ឋខ្មែរដែលមានសមត្ថភាព អាចទទួលយកជំនាញនេះបាន ក្នុងគោលបំណងប្រើប្រាស់កំលាំងពលកម្មក្នុងស្រុក អោយបានច្រើនបំផុត បើអាចធ្វើទៅបាន។
លោកអនុប្រធានក្រុមហ៊ុន UDG បានបន្តទៀតថា អាកាសយានដ្ឋានអន្តរជាតិខេត្ត កោះកុង ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រដ៏ល្អប្រសើរ ព្រោះជាប់នឹងមាត់សមុទ្រ និងស្ថិតក្នុងតំបន់ភ្នំ ដែលអាចអនុញ្ញាតអោយមានការហោះហើរត្រង់ពីនិងទៅកាន់ទីក្រុង ប៉ារីស នៃប្រទេសបារាំង និងទៅកាន់ប្រទេសផ្សេងៗទៀត។ កត្តានេះនឹងធ្វើអោយភ្ញៀវទេសចរណ៍អន្តរជាតិ មកលេងកំសាន្តនៅប្រទេសកម្ពុជា ជាពិសេសខេត្ត កោះកុង កាន់តែមានចំនួនច្រើនឡើង ៗ ។ មួយវិញទៀត អាកាសយានដ្ឋានមួយនេះ អាចទទួលភ្ញៀវទេសចរណ៍បានចំនួន ៥ លាននាក់ក្នុងមួយឆ្នាំ។
គំរោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ មានទីតាំងស្ថិតនៅចន្លោះស្រុក ថ្មបាំង និងស្រុក បុទុមសាគរ ខេត្ត កោះកុង ។ គំរោងនេះត្រូវបាននិងកំពុងវិនិយោគដោយក្រុមហ៊ុនចិន UDG ដោយរួមសហការជាមួយក្រុមហ៊ុន MY និងក្រុមហ៊ុន ស៊ីឈួន ហួយស៊ីងគ្រុប។
ជាមួយនឹងទុនវិនិយោគជំហានដំបូងចំនួន $2,200 លានដុល្លារ រួមនឹងផ្លូវរត់ហោះហើរមានប្រវែង ៣,២០០ ម៉ែត្រ និងមានទទឹង ៤៥ ម៉ែត្រ អាកាសយានដ្ឋានតារាសាគរនឹងអាចអនុញ្ញាតអោយយន្តហោះធុនធំមានប្រភេទដូចជា Boeing 777 និង Airbus 340 ជាដើម អាចចុះចតនៅលើព្រលានយន្តហោះនោះបានដោយគ្មានបញ្ហាអ្វីឡើយ៕
