គម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងទឹកដី ខេត្ដសៀមរាប ដែលស្ថិតក្នុងគម្រោងសាងសង់ គ្របដណ្ដប់លើផ្ទៃដីប្រមាណជា ៧០០ ហិកតា ក្រោមទំហំទឹកប្រាក់ ៨៨០លានដុល្លារ នឹងត្រូវបានកំនត់ រយៈពេលបញ្ចប់ក្នងរយៈ ពេលបីឆ្នាំខាងមុខ នេះបើយោងតាម ក្រុមហ៊ុនសាងសង់ អង្គរ អ៊ិនធើណេសិនណល អ៊ែផត អ៊ិនវេសម៉ិន ខេមបូឌា(ឯក) (Angkor International Airport Investment Cambodia Co.,LTD) ។
ព្រលានយន្ដហោះថ្មីមួយនេះ មានរយៈចំងាយពីទីរួមខេត្ដសៀមរាប ចំនួន៥១ គ.ម និង ៤០ គ.ម ពីរមណីយដ្ឋានអង្គរ។
ស្ថិតក្នុងកិច្ចប្រជុំរួមគ្នា កាលពីពេលថ្មីៗនេះ វាងឯកឧត្តម ម៉ៅ ហាវណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(AIAI) បានបញ្ជាក់ឲ្យដឹងថា ព្រលានយន្តហោះថ្មីនេះ ត្រូវបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ១៥ ខែមីនាឆ្នាំ២០២០ ដែលនឹងចំណាយរយៈពេល ៣៦ ខែ ដើម្បីបញ្ចប់គម្រោងនេះ។
ឯកឧត្តម ម៉ៅ ហាវណាល់ ក៏បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងនេះនិងជំរុញឱ្យក្រុមហ៊ុនបញ្ចប់ការសាងសង់តាមការកំណត់ដែលបានគ្រោងទុក ខណៈដែលលោកក៏បានថ្លែងកោតសរសើរពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងចិនដែលជាលទ្ធផលនៃការវិនិយោគ។
គូសបញ្ជាក់ ផងដែរថា ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែផត អ៊ិនវេសម៉ិន ខេមបូឌា(ឯក) មានប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន Yunnan Investment Holdings Ltd (YIHL) បន្ទាប់ពីក្រុមហ៊ុនបានចុះហត្ថលេខាលើសម្បទានរយៈពេល ៥៥ ឆ្នាំជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាកាសយានដ្ឋានថ្មីកាលពីឆ្នាំ ២០១៧ កន្លងទៅ ។
ដោយ៖ Stince
ប្រភព៖ ក្នុងស្រុក
