ដោយ៖ ហួ ឆេងស៊ីម
អ្នកគ្រូ នាង ផល្លា ជាគ្រូអប់រំបង្ហាត់បង្រៀន កុមារគ ថ្លង់ នៅប្រទេសកម្ពុជាអស់ជិត ៣០ឆ្នាំកន្លងមកហើយ។ អ្នកគ្រូ ផល្លា ត្រូវបានមហាជនជាច្រើនស្គាល់ និងកោតសរសើរចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងបង្ហាត់បង្រៀនសិស្សគថ្លង់ជាច្រើននាក់កន្លងមកនេះ។
នាពេលថ្មីៗនេះ អ្នកគ្រូ ផល្លា ត្រូវបានព្រះមហាក្សត្រព្រះអង្គទ្រង់ប្រោសព្រះរាជទាន ក្នុងការត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈអ្នកគ្រូ ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្នើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្នផងដែរ។ ការតែងតាំងនេះធ្វើឲ្យមហាជនជាច្រើនត្រេកអរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូ ដែលសាកសមនឹងទទួលបានឋានៈបែបនេះ។ ក្រៅពីនេះ អ្នកគ្រូ ក៏ធ្លាប់ត្រូវបានជ្រើសរើសជាប់ក្នុងបញ្ជីចុងក្រោយ ក្នុងចំណោមគ្រូបង្រៀន១០រូប សម្រាប់ទទួលពានរង្វាន់គ្រូឆ្នើមពិភពលោក ពីកម្មវិធីពានរង្វាន់គ្រូឆ្នើមពិភពលោក Global Teacher Prize។ លើសពីនេះទៀត អ្នកគ្រូ ផល្លា អ្នកគ្រូ ផល្លាក៏ធ្លាប់ទទួលបានមេដាយមហាកិត្តិយស ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា នូវមេដាយថ្នាក់មហាសេរីវឌ្ឍន៍ (មេដាយ មហាកិត្តិយស លំដាប់ទី២) ផងដែរ។ នេះបង្ហាញឲ្យឃើញថា អ្នកគ្រូពិតជាគ្រូបង្រៀនមួយរូបដែលមានសមត្ថភាព និងឆន្ទៈក្នុងការចែករំឡែកចំណេះដឹងដល់សិស្ស មិនងាជាសិស្សគថ្លង់ក៏ដោយ។ អ្នកគ្រូ គឹជាគ្រូគំរូមួយរូបដែលពោរពេញដោយទេពកោសល្យ និងគួរឲ្យគោរពពីមនុស្សជុំវិញខ្លួន៕