We TV Cambodia

ពុទ្ធឱវាទ ​និយាយ​អំពី​ការ​បរិច្ចាគ​​ទាន​របស់​មនុស្ស

ពុទ្ធឱវាទ ​និយាយ​អំពី​ការ​បរិច្ចាគ​​ទាន​របស់​មនុស្ស

មនុស្សលោក​យើង​តាំង​ពីតូច​មករហូតដល់​ធំដឹងក្ដី រស់​នៅ​បាន​ដោយសារ​ទាន ការ​ឲ្យ​ចំណី​ចំណុក ចិញ្ចឹម​បីបាច់​ថែរក្សា​ពី​ឪពុកម្តាយ បើ​គាត់​មិនឲ្យ​យើង​ទេ យើង​នឹង​ស្លាប់។ យើង​អាច​ចេះដឹង អាន​អក្សរ​ ដោយ​សារតែ​លោកគ្រូ​អ្នកគ្រូ បាន​ផ្ទេរ​ចំណេះដឹង​ដល់​យើង នេះជា​ការបរិច្ចាគ​ទាន​​សំខាន់​បំផុត​សម្រាប់​ជីវិត​មនុស្ស។ ព្រះតេជគុណ គូ សុភាព ដែល​គង់​នៅ​វត្ត​និគ្រោធវ័ន ហៅ​វត្តគល់​ទទឹង នឹង​បរិយាយ​ពីករិយា​នៃការ​បរិច្ចាគ​ទាន​តាម​ពុទ្ធឱវាទ ​ពាក្យថា​ទាន៖ «ទាន មានន័យ​ថា ការផ្តល់ ឬ​ប្រគល់​នូវ​ប្រយោជន៍ សេចក្តីសុខ​ដល់​អ្នកដទៃ។ ឈ្មោះ​ថា​ទាន​ក៏ដូចជា​ការជួយ​សង្គ្រោះ​ដល់​ជនក្រីក្រ ការផ្តល់​ឈាម​ដល់​អ្នកជំងឺ ការណែនាំ​ក្នុង​ផ្លូវល្អ ការឲ្យ​អភ័យទោស​ជាដើម»។

ចំពោះ​ទាន​របស់​សប្បុរស សំដៅ​ទៅ​សប្បុរស​ដែល​អនុគ្រោះ​ ជួយ​ដល់​អ្នកដទៃ​ជានិច្ច ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ ខណៈ​ការ​ឲ្យទាន​របស់​សប្បុរស​មាន ៥ យ៉ាង​គឺ ការឲ្យ​ទាន​តាម​កាល នាពេល​ដែល​គេ​អត់ឃ្លាន ទទួល​គ្រោះថ្នាក់​ត្រូវការ​ជំនួយ​បន្ទាន់ ឬធ្វើ​បុណ្យ​តាម​រដូវកាល​ដូចជា​រដូវ​កាល​កឋិនទាន​ជាដើម។ ការ​ឲ្យទាន​ដោយ​គោរព​គឺ​មិនត្រូវ​បោះ ឬ​គប់​ឲ្យទេ ដែល​ត្រូវមាន​អាកប្បកិរិយា ទន់ភ្លន់ គោរព​ដល់​អ្នក​ទទួល។ មួយទៀត​ការ​ឲ្យទាន​ដោយ​សទ្ធា គឺ​ជឿថា អំពើ​ដែល​យើង​ធ្វើនូវ​អំពើ​ល្អ​ហើយ នឹងមាន​ផលល្អ​មក​ខ្លួន​វិញ​ជាមិន​ខាន​ឡើយ។ ចំណែក​ការ​ឲ្យទាន​ដោយ​អនុគ្រោះ គឺចង់​សង្គ្រោះ​ជួយ​ដល់​អ្នកដទៃ​ឲ្យ​បាន​ក្តីសុខ មិនមែន​ឲ្យ​ដោយ​ចង់​លុបគុណ​អ្នកដទៃ​ឡើយ។

ការ​ឲ្យទាន​ចុងក្រោយ​ដោយ​មិន​បៀតបៀន​ខ្លួនឯង មិន​បៀតបៀន​អ្នកដទៃ មិន​លើក​តម្កើង​ខ្លួនឯង​ថា​គ្រាន់បើ ​ហើយ​មើលងាយ​អ្នកដទៃ។ យ៉ាងណាមិញ មនុស្ស​គ្រប់គ្នា​ទាំងអស់​នៅ​ជុំវិញ​ខ្លួន​របស់​យើង​គឺ​សុទ្ធតែ​ត្រូវការ​ជួយ​សង្គ្រោះ​អំពី​យើង​ផងដែរ ដូច្នេះ​យើង​ក៏ត្រូវ​មាន​ក្តីមេត្តា ករុណា ក្តី​អាណិតអាសូរ ការជួយ​ឧបត្ថម្ភ គាំទ្រ​ទៅតាម​សមត្ថភាព​ដែល​ខ្លួន​ធ្វើបាន។ ចំពោះ​ផល​នៃការ​ឲ្យទាន​នឹង​កើត​មាននូវ ​សភាព​ដូច​តទៅ​គឺថា អ្នក​ឲ្យ​ទាន​នឹងត្រូវ​ក្លាយ​ទៅជា​ជន​ដែល​អ្នកផង​ទាំងឡាយ​ទាំងពួង​នៅក្នុង​សង្គម​ ទទួល​បាន​នូវការ​គោរព​ស្រលាញ់ ចូលចិត្ត​រាប់អាន​ច្រើន តែងតែបាន​ត្រឡប់​មកវិញ​នូវ​សម្បត្តិ​ដោយក្តី​សុចរិត មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តែងតែ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ទូទៅ​គឺថា​ជាជន​សប្បុរស ដែល​នៅពេល​មាន​មរណកាល។

ប្រភព៖ ព្រះតេជគុណ គូ សុភាព

Related Articles