We TV Cambodia

ពិធីបុណ្យព្រះសព សម្តេចព្រះរៀម បុប្ផាទេវី ធ្វើឡើងនៅពេលល្ងាច ម៉ោង ៦:០០ ថ្ងៃទី ១៩ វិច្ឆិកា មុខវត្តបុទុមវត្តី

ពិធីបុណ្យព្រះសព សម្តេចព្រះរៀម បុប្ផាទេវី ធ្វើឡើងនៅពេលល្ងាច ម៉ោង ៦:០០ ថ្ងៃទី ១៩ វិច្ឆិកា មុខវត្តបុទុមវត្តី

 

 
 

ដោយៈ ទិន​ សុខាវុធ

យោងតាម «ក្រុមព្រះសុរិយា» ដែលជាអង្គការសមាគមមួយស្និទ្ធិនឹងព្រះបុរមរាជវាំង ព្រះសពរបស់សម្តេចវាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នឹងត្រូវដង្ហែពីទីក្រុង បាងកក ប្រទេសថៃ មកដល់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ នៅវេលាម៉ោង ៦:០០ ល្ងាច នៅថ្ងៃ អង្គារ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ។

ទន្ទឹមនឹងនេះ «ក្រុមព្រះសុរិយា» ក៏បានលើកឡើងផងដែរថា ជនានុជនទាំងឡាយអាចចូលរួមពីធីបុណ្យព្រះសពរបស់ព្រះរៀម បានដោយសេរី ចាប់ពីម៉ោង ៥:០០ ល្ងាចឡើងទៅ នៅតាមដងមហាវិថីសហព័ន្ធរុស្ស៉ីរហូតដល់វត្តបុទុមវត្តី ហើយត្រូវស្លៀកពាក់តាមរបៀបកាន់ព្រះមរណទុក្ខ។

«សូមគោរពអញ្ជើញ មិត្តៗសិល្បករ សិល្បការិនី និងមហាជនទាំងអស់មេត្តាអញ្ជើញចូលរួម ពិធីទទួលព្រះសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលនឹងត្រូវដង្ហែពីទីក្រុងបាងកក ប្រទេសថៃ ឆ្ពោះមកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញវេលាម៉ោង ៦:០០នាទីល្ងាច នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩» នេះជាសំណេរនៅលើទំព័រ Facebook របស់ ក្រុមព្រះសុរិយា ។

ចំពោះការសោយទីវង្គតរបស់សម្តេចព្រះរៀម បុប្ផាទេវី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនៅលើទំព័រ Facebook របស់លោកថា លោកកំណត់យកថ្ងៃទី ២០ វិច្ឆិកា ជាថ្ងៃគោរពវិញ្ញាណក្ខន្ធសម្តេចព្រះរៀម បុប្ផាទេវី សំរាប់ពលរដ្ឋខ្មែរជាទូទៅ។

សម្តេចបានសរសេរបន្ថែមទៀតថា ការបាត់បង់ព្រះរៀម បុប្ផាទេវី ជាការបាត់បង់ដ៏ធំធេងមួយ សំរាប់ជាតិខ្មែរ ក៏ដូចជាសំរាប់ប្រជាពលរដ្ឋខ្មែរទាំងមូលដែរ ពីព្រោះសម្តេចព្រះរៀមធ្លាប់បានចូលរួមក្នុងកិច្ចសង្គមជាច្រើន ក្នុងការលើកដំកើងវិស័យសិល្បវប្បធម៌ ហើយក៏ជាសមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។

«សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានការសោកស្តាយចំពោះការបាត់បង់ទ្រង់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាពលរដ្ឋរបស់យើង ពីព្រោះព្រះអង្គបានចូលរួមកិច្ចការងារជាច្រើនក្នុងសង្គម ជាពិសេសការលើកតម្កើងតម្លៃសិល្បៈវប្បធម៌ខ្មែរ ហើយព្រះអង្គក៏ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញផងដែរ» នេះជាសំណេរនៅលើទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី។

លើសពីនេះទៀត លោកនាយករដ្ឋមន្ត្រីក៏បានប្រកាសផងដែរ អោយគ្រប់ក្រសួងស្ថាប័នទាំងអស់ និងប្រជាពលរដ្ឋទាំងឡាយ ត្រូវចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេចព្រះរៀម និងត្រូវបង្ហូតទង់ជាតិពាក់កណ្តាលដង ដើម្បីធ្វើពិធីកាន់ទុក្ខពេញមួយថ្ងៃ។

សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទីវង្គត ដោយរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា នៅវេលាម៉ោង ១២:៣០ ថ្ងៃត្រង់ នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងមន្ទីរមួយនៃប្រទេសថៃ។

យោងតាមក្រុមប្រឹក្សាធម្មនុញ្ញ សម្តេចព្រះរៀម បុប្ផាទេវី ត្រូវបានចាត់ទុកជានិមិត្តរូបនៃរបាំព្រះរាជទ្រព្យ ហើយទ្រង់បានទទួលគោរមងារជា «ទេពនាថវដ្តីឯក» និងជា «មរតកមនុស្សរស់របស់កម្ពុជា» ៕

Related Articles