We TV Cambodia

ពិធីបុណ្យចូលព្រះវស្សា បុណ្យព្រះពុទ្ធសាសនា ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ

ពិធីបុណ្យចូលព្រះវស្សា បុណ្យព្រះពុទ្ធសាសនា ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យទំនៀមទំលាប់ក្នុងផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត(ព្រះសង្ឃ) តែងចូលវស្សា តាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ហើយត្រូវចាំព្រះវស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សានោះទេ។ រីឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺ ចាត់ចែងសាដក(សំពត់សំរាប់ងូត ទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជ មួយចំនួនទៀតតាមលទ្ធភាព។

តាមវិន័យដែលត្រូវអនុវត្ដគឺ ព្រះសង្ឃគ្រប់អង្គ មិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។

ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ តែពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនព្រះសង្ឃ។ នៅពេលព្រឹកឡើងនៅថ្ងៃទី ១រោច ខែអាសាឍ មានម្ហូបអាហារ បង្អែម ប្រគេនដល់ព្រះសង្ឃ ហើយក្នុងអំឡុងរយៈ ៣ខែនេះ បងប្អូនដែលមានទម្លាប់គោរពព្រះពុទ្ធសាសនា ក៏និយមបន្តធ្វើម្ហូប នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗមកប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សានេះក្នុងអំឡុងពេលនោះដែរ។​

ដោយ៖ Stince

ប្រភព៖ ក្នុងស្រុក

Related Articles